អតីតចាងហ្វាងផលិតកម្ម “ឥន្ទ្រានិម្មិត” ត្រៀមត្រឡប់មកវិញជាមួយមហិច្ឆតាធំ

10-09-2019 4:41pm

ភ្នំពេញៈ អតីតលោកស្រីចាងហ្វាងផលិតកម្ម “ឥន្ទ្រានិម្មិត” ដែលបានបាត់មុខចេញពីពិភពគុនងាកទៅបង្កើតមុខរបរថ្មីជាងមួយឆ្នាំ បានបង្ហើបពីគម្រោងថ្មី ដោយត្រៀមលើកមុខមាត់ខាងផលិតកម្ម ដែលធ្លាប់សាងឈ្មោះលេចធ្លោឲ្យមហាជនស្គាល់ឡើងវិញ។ ការប្រកាសឲ្យដឹងនេះ ស្របពេលដែលលោកស្រី ទើបតែបង្កើតហាងថ្មីមួយកន្លែង នៅខាងក្រោយព្រះបរមរាជវាំង ទើបសម្ពោធយ៉ាងអឹកធឹកនាយប់មិញនេះ។

កាលពីយប់ម្សិលមិញនេះ អ្នកនាង ចាន់ណា សុឃីម ចាងហ្វាងផលិតកម្ម “ឥន្ទ្រានិម្មិត” បានប្រារព្ធពិធីសម្ពោធហាងរកស៊ីផ្ទាល់ខ្លួនមួយលក្ខណៈធំដុំ ក្រោមការចូលរួមពីសិល្បករ និងភ្ញៀវជាអតិថិជនច្រើនរូប។ អ្នកនាងបានជោគជ័យលើរបរថ្មីលក់បុកល្ហុង បុកពោត ដែលមានរសជាតិឆ្ងាញ់រហូតស្រូបបានការទាក់ទាញច្រើនពីអ្នកគាំទ្រ ដោយអ្នកណាក៏ស្គាល់យីហោ«ស្នាដៃប្តីខ្ញុំ»។ អ៊ីចឹងហើយ ទើបមានការស្រឡាំងកាំង ក្រោយឃើញអ្នកនាងស្រាប់តែពង្រីកហាងលក្ខណៈធំទូលាយ ហើយបញ្ចូលរបរថ្មីៗក្នុងនោះទៀត។

អ្នកនាង សុឃីម បានឲ្យដឹងថា អ្នកនាងបានសម្រេចប្តូរទីតាំងហាង «ស្នាដៃប្តីខ្ញុំ» នៅខាងក្រោយវាំងតែ១កន្លែងនេះប៉ុណ្ណោះ ដោយមានបន្ថែមរបរមួយចំនួនតម្រូវតាមយុវវ័យពេញចិត្ត។

ពាក់ព័ន្ធ​ជាមួយភាពយន្តអ្នកនាងបានកសាងស្នាដៃរឿងក្នុងវិស័យភាពយន្តបាន២រឿងមានរឿង «កំណត់ហេតុនាងនាថ» និងរឿង «សសរកន្លោង»ដែលជាប្រហេទភាពយន្តពេញនិយម។

យ៉ាងណាអ្នកនាងក៏នឹងរៀបចំផ្តើមការងារផលិតកម្មមួយនេះ នាពេលខាងមុខដោយត្រៀមផលិតរឿងតែត្រូវសិក្សាគម្រោងល្អិតសិន ទើបអាចទុកចិត្តអាចបន្តធ្វើបាន។ ដោយមិនចង់បាត់ឈ្មោះក្នុងសិល្បៈ ទើបត្រូវរៀបចំឡើងវិញ ក្នុងន័យលើកស្ទួយវិស័យភាពយន្តខ្មែរ ក៏ដូចជាឲ្យតារាយើងមានការងារធ្វើ៕