ក្រុមហ៊ុនផ្សព្វផ្សាយកីឡាអន្តរជាតិប្តឹង FIFA និង USSF លើករណីរំលោភសេចក្តីទុកចិត្ត

10-09-2019 3:09pm

បាល់ទាត់ៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ ក្រុមហ៊ុនផ្សព្វផ្សាយកីឡាអន្តរជាតិ បានប្តឹង សហព័ន្ធបាល់ទាត់សហរដ្ឋអាមេរិក(USSF) ថាបានសមគំនិតដោយខុសច្បាប់ជាមួយគណៈគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA ដើម្បីការពារក្លិប និងក្រុម Leagueបរទេស ពីការរៀបចំការប្រកួតរបស់ពួកគេនៅលើទឹកដីសហរដ្ឋអាមេរិក ។

ក្រុមហ៊ុន Relevent Sports ដែលជាក្រុមហ៊ុនរៀបចំការប្រកួត International Champions Cup ក្នុងរដូវក្តៅនេះ បានអះអាងថា  FIFAនិង USSF បានសមគំនិតគ្នា ដើម្បីបញ្ឈប់ពីការនាំយកការប្រកួតក្នុងរដូវកាលមកកាន់អាមេរិកខាងជើង ពីក្រុម Leagueមួយចំនួន ដូចជាក្របខណ្ឌ La Ligaរបស់អេស្ប៉ាញជាដើម។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា បណ្តឹងមួយដែលបានដាក់ជូនតុលាការស្រុកសហរដ្ឋអាមេរិក US District Court ស្ថិតនៅទីក្រុងញូវយ៉ក បានអះអាងថា ការធ្វើពហិកាបែបនេះ បានធ្វើឲ្យក្រុមអ្នកគាំទ្របាល់ទាត់អន្តរជាតិនៅសហរដ្ឋអាមេរិកបាត់បង់ឱកាសចូលរួមការប្រកួត Official Season International Soccer Game Events នៅសហរដ្ឋអាមេរិក ហើយវាក៏ជាការបំពានលើសេចក្តីទុកចិត្តផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងអ៊ីម៉ែលមួយផ្ញើទៅកាន់ FIFA ក្របខណ្ឌ Major League Soccer និង USSF ដែលត្រូវបានគេសុំធ្វើសេចក្តីអធិប្បាយនៅលើបញ្ហាបណ្តឹងនេះ មិនបានឆ្លើយតបវិញភ្លាមៗនោះទេ៕