Barcelona ប្រឈមនឹងវិបត្តិកីឡាកររបួសធ្ងន់ធ្ងរ ក្រោយខ្សែការពារ Samuel Umtiti រងរបួសម្នាក់ទៀត

10-09-2019 2:46pm

បាល់ទាត់ៈ ខ្សែការពារកណ្តាល Samuel Umtiti របស់ក្លិប Barcelonaបានរងរបួសជាំប្រអប់ជើង ខណៈពេលបំពេញតួនាទីជាមួយក្រុមជម្រើសជាតិបារាំង ហើយគាត់នឹងត្រូវអវត្តមានពីការប្រកួតនៅចុងសប្តាហ៍នេះ ជាមួយក្រុម Valencia។ នេះបើយោងតាមការអះអាងឲ្យដឹងពីក្លិបយក្សអេស្ប៉ាញដែលញាំញីដោយសារបញ្ហាកីឡាកររបួសមួយនេះ ឲ្យដឹងកាលពីថ្ងៃចន្ទ។

ក្រុមរបស់លោក Ernesto Valverde ដែលនឹងបើកទ្វារស្វាគមន៍ក្រុម Valenciaនៅថ្ងៃសៅរ៍នេះ លេងដោយគ្មានវត្តមានរបស់តារាបាល់ទាត់ Lionel Messi និង Luis Suarez ទៅហើយ ដោយសារកីឡាករទាំង២នាក់នេះ មានបញ្ហារបួសប្រអប់ជើង និងបញ្ហារបួសកំភួនជើង។

ដោយឡែក ខ្សែបម្រើស្លាប Ousmane Dembele ត្រូវអវត្តមានដូចគ្នា ដោយសារតែបញ្ហាឆ្អឹងគន្លាក់ជើង ហើយខ្សែការពារ Nelson Semedo ក៏មានបញ្ហាគ្រិចកជើងផងដែរ។

ក្លិប Barcelonaបាននិយាយនៅក្នុងសេចក្តថ្លែងការណ៍ថា ការធ្វើតេស្តកាលពីថ្ងៃចន្ទ បង្ហាញថា កីឡាករ Samuel Umtiti មានស្នាមជាំនៅត្រង់ប្រអប់ជើងរបស់គាត់ ហើយដំណើរការជាសះស្បើយរបស់គាត់ នឹងត្រូវកំណត់ ពេលដែលគាត់វិលត្រឡប់មកកាន់ក្លិបវិញ។

សេចក្តីថ្លែងការណ៍ បានបន្តទៀតថា វាគឺជារឿងដ៏អាក្រក់បំផុតមួយ ដែលកីឡាករ Umtiti រងរបួសជាមួយក្រុមជម្រើសជាតិបារាំង៕