កូរ៉េខាងជើង ប្រាប់ថា ចង់ចូលរួមតុចរចាលើបញ្ហានុយក្លេអ៊ែរជាមួយអាមេរិក តែភ្លាមៗនោះបាញ់មីស៊ីល២គ្រាប់បន្ថែមទៀត

10-09-2019 2:27pm

កូរ៉េខាងជើងៈ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ សុន ហួយ បាននិយាយថា កូរ៉េខាងជើង ចង់ចាប់ផ្តើមកិច្ចប្រជុំលើការរំសាយអាវុធនុយក្លេអ៊ែរឡើងវិញជាមួយសហរដ្ឋអាមេរិក នៅក្នុងខែនេះ។

លោកស្រី ឆូ បាននិយាយថា ពួកគេចង់ចាប់ផ្តើមកិច្ចពិភាក្សាយោគយល់លើការកំណត់មួយដែលព្រមព្រៀងដោយភាគីទាំង២។

សេចក្តីថ្លែងការណ៍របស់លោកស្រី ឆូ បានកើតមានឡើង ក្រោយពេលរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោកម៉ៃ ផមផ្យូ បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចប្រជុំនឹងអាចចាប់ផ្តើមឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ។

ក្រោយពេលប៉ុន្មានម៉ោង បន្ទាប់ពីការអះអាងរបស់លោកស្រី ឆូ ស្រាប់តែមីស៊ីលបាលីស្ទិករយៈចម្ងាយជិត២គ្រឿង ត្រូវគេរាយការណ៍ថា បានបាញ់ចេញពីកូរ៉េខាងជើង។

វាបានក្លាយជាការបាញ់មីស៊ីលចុងក្រោយគេផងដែរក្នុងចំណោមការបាញ់សាកល្បងមីស៊ីលជាច្រើនលើកក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។

នៅជំនួបលើកដំបូងរបស់ពួកគេ កាលពីខែមិថុនា ឆ្នាំមុននៅឯប្រទេសសិង្ហបុរី ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានព្រមព្រៀងគ្នាលើការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ប៉ុន្តែពួកគេមិនបានកំណត់ថាតើធម្យោបាយអ្វីខ្លះនឹងត្រូវសម្រេចឲ្យបាននោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាស៊ីជម្រៅជាងនេះលើរឿងរ៉ាវលំអិត បានបរាជ័យកាលពីខែកុម្ភះ អំឡុងជំនួបកំពូលលើកទី២របស់ពួកគេ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម៕