ក្រុមហ៊ុនលក់ទំនិញតាមអនឡាញ Alibaba ចាប់ផ្តើមយុគសម័យថ្មី ដោយគ្មានសហស្ថាបនិក Jack Ma

10-09-2019 2:13pm

ចិនៈ សហស្ថាបនិកបង្កើតក្រុមហ៊ុន Alibaba លោក Jack Ma គ្រោងនឹងលាលែងពីតំណែងនៅក្រុមហ៊ុនយក្សពាណិជ្ជកម្មអេឡិចត្រូនិកនៅថ្ងៃអង្គារនេះ ដើម្បីបញ្ចប់យុគសម័យរបស់លោកជាមួយក្រុមហ៊ុនមួយនេះ។

អតីតគ្រូបង្រៀនភាសាអង់គ្លេសម្នាក់នេះ បានសហបង្កើតក្រុមហ៊ុន Alibabaនៅក្នុងឆ្នាំ១៩៩៩ ហើយវាបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនលក់ទំនិញតាមអនឡាញធំបំផុតនៅលើពិភពលោក។

ជោគជ័យ និងស្ទីលគ្រប់គ្រងដ៏រស់រវើករបស់លោក Ma បានធ្វើឲ្យលោកក្លាយជាអ្នកជំនួញម្នាក់ក្នុងចំណោមអ្នកជំនួញដែលត្រូវបានគេទទួលស្គាល់បំផុតនៅក្នុងប្រទេសចិន។

លោក Daniel Zhang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន  Alibabaនឹងបន្តវេនពីគាត់ ជាប្រធានប្រតិបត្តិ។

បច្ចុប្បន្នក្រុមហ៊ុនមួយនេះ មានតម្លៃ៤៨០ពាន់លានដុល្លារ ហើយលោក Maស្ថិតនៅក្នុងចំណោមអ្នកមានជាងគេបំផុតនៅក្នុងប្រទេសចិន។

លោកគឺជាស្ថាបនិកលើកដំបូងគេផងដែរ ក្នុងចំណោមសហគ្រិនអ៊ីនធឺណេតដ៏លេចធ្លោរបស់ចិន លាលែងពីតំណែងក្នុងក្រុមហ៊ុនរបស់គាត់។

កើតក្នុងត្រកូលគ្រួសារក្រីក្រ ស្ថិតទីក្រុងភាគខាងកើត ហាងជូ ប្រទេសចិន លោក Maបានចាប់ផ្តើមអាជីពរបស់លោកជាគ្រូបង្រៀនភាសាអង់គ្លេស។

លោកបានទិញកុំព្យូទ័រលើកដំបូងរបស់លោក នៅវ័យ៣៣ឆ្នាំ ហើយលោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែលគ្មានស្រាបៀចិនត្រូវបានប្រទះឃើញនៅការស្វែងរកតាមអនឡាញលើកដំបូងរបស់លោកនោះ។

ដោយគ្មានមូលដ្ឋានគ្រឹះខាងកុំព្យូទ័រ លោក Maក៏សហបង្កើតក្រុមហ៊ុន Alibabaនៅក្នុងផ្ទះល្វែងរបស់លោក ជាមួយមិត្តភ័ក្រ្តមួយក្រុមទៀត ដើម្បីវិនិយោគទុនលើទីផ្សារអនឡាញរបស់លោក។

លោកបានមើលឃើញពីកំណើនរបស់ក្រុមហ៊ុននៅក្នុងទីផ្សារអន្តរជាតិ និងការចុះបញ្ជីរបស់ក្រុមហ៊ុននៅទីក្រុងញូវយ៉ក ដែលធ្វើឲ្យវាក្លាយជាក្រុមហ៊ុនផ្តល់ស្តុកសាធារណៈធំបំផុតនៅលើពិភពលោក។

យោងតាមសេចក្តីរាយការណ៍ពីទស្សនាវដ្តី Forbes បានឲ្យដឹងថា លោក Maមានទ្រព្យសម្បត្តិ៣៨.៦ពាន់លានដុល្លារ ជាហេតុធ្វើឲ្យលោកស្ថិតនៅក្នុងចំណោមមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។

សហគ្រិនបច្ចេកវិទ្យាម្នាក់នេះ បាននិយាយថា លោកចង់ផ្តោតសំខាន់លើការងារសប្បុរសធម៌ និងការអប់រំវិញ។

លោកបាននិយាយប្រាប់កាសែត New York Times កាលពីឆ្នាំមុនថា ការចូលនិវត្តន៍របស់លោកមិនមែនជាការបញ្ចប់នោះទេ ប៉ុន្តែវាគឺជាការចាប់ផ្តើមនូវយុគសម័យមួយទៀតទៅវិញទេ។

លោកបន្តថា លោកស្រលាញ់វិស័យអប់រំ ហើយលោកនឹងនៅបន្តក្នុងក្រុមប្រឹក្សានាយក និងបន្តណែនាំការគ្រប់គ្រងរបស់ក្រុមហ៊ុន៕