ហុងកុង ព្រមានការជ្រៀតជ្រែកពីបរទេស ក្រោយក្រុមបាតុករដង្ហែក្បួនទៅកាន់ស្ថានកុងស៊ុលអាមេរិក

09-09-2019 7:10pm

ហុងកុងៈ រដ្ឋបាលហុងកុង បានធ្វើការព្រមានចំពោះការជ្រៀតជ្រែកពីបរទេសនៅក្នុងទីក្រុងមួយនេះ ក្រោយក្រុមបាតុករ បានដង្ហែរក្បួនទៅកាន់អគ្គស្ថានកុងស៊ុលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ដើម្បីជំរុញឲ្យសភាសហរដ្ឋអាមេរិក អនុម័តពង្រាងច្បាប់ស្តីពីសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង។

ក្រុមបាតុករ បានដាក់ប៉ារ៉ាស់ វាយកម្ទេចបង្អួច ដុតភ្លើងតាមផ្លូវ និងវាយកម្ទេចស្ថានីយរថភ្លើង MTR កាលពីថ្ងៃអាទិត្យ ក្រោយមនុស្សរាប់ម៉ឺននាក់ ជួបជុំគ្នានៅក្រៅអគ្គស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះ ច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង។

លោកជីម ម៉ាក់ហ្គូវើ គឺជាអ្នកតំណាងសហរដ្ឋអាមេរិក បាននិយាយពីពង្រាងច្បាប់ដែលគេបានណែនាំម្តងទៀតកាលពីខែមិថុនាថា ច្បាប់មួយនេះ នឹងគាំទ្រឲ្យប្រជាពលរដ្ឋហុងកុង អភិរក្សសិទ្ធិមនុស្ស និងបទបញ្ជាច្បាប់ទម្លាប់នៅហុងកុង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃចន្ទនេះ រដ្ឋបាលហុងកុង បាននិយាយថា ដើម្បីឆ្លើយតបនឹងការដង្ហែរក្បួនរបស់ក្រុមបាតុករទៅកាន់អគ្គស្ថានកុងស៊ុលសហរដឋអាមេរិកប្រចាំនៅទីក្រុងហុងកុង កាលពីថ្ងៃម្សិលមិញ ដើម្បីទាមទាមឲ្យអនុម័តច្បាប់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយសមាជិកសភាសហរដ្ឋអាមេរិក អ្នកនាំពាក្យតំបន់រដ្ឋបាលពិសេសហុងកុងមួយនេះ សូមបង្ហាញនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការណែនាំឲ្យមានច្បាប់នេះឡើងវិញ ហើយលោកសូមធ្វើការបញ្ជាក់ម្តងទៀតថា ច្បាប់បរទេសមិនអាចជ្រៀតជ្រែតចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ហុងកុងបាននោះទេ៕