កីឡាករ Rafael Nadal ដណ្តើមបានប្រាក់រង្វាន់៣.៨៥លានដុល្លារ ក្រោយឈ្នះជើងឯក US Open

09-09-2019 5:13pm

វាយតឺន្នីសៈ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករ Rafael Nadal ដណ្តើមបានជើងឯក Grand Slamជាលើកទី១៩របស់ខ្លួន ជាមួយនឹងការសម្រេចបានជោគជ័យនៅវគ្គផ្តាច់ព្រ័ត្រ US Open ក្រោយពីយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev ក្នុងលទ្ធផលពិន្ទុ7-5, 6-3, 5-7, 4-6, 6-4 ក៏ដូចជាឈ្នះជើងឯកលើកទី៤របស់គាត់នៅទីក្រុងញូវយ៉ក។

កីឡាករ Nadal ជាប់ចំណាត់ថ្នាក់លេខ២ពិភពលោក ដណ្តើមបានប្រាក់រង្វាន់៣.៨៥លានដុល្លារផងដែរនៅក្នុងពហុកីឡដ្ឋាន Arthur Ashe ហើយនិងបន្ថែមពាន US Openពីលើពានដែលលោកដណ្តើមបានកាលពីឆ្នាំ២០១០, ២០១៣ និងឆ្នាំ២០១៧។

កីឡាករចេះដៃឆ្វេងសញ្ជាតិអេស្ប៉ាញវ័យ៣៣ឆ្នាំម្នាក់នេះ នៅសល់តែជើងឯក១ទៀតប៉ុណ្ណោះ នឹងតាមស្មើកំណត់ត្រាជើងឯក Grand Slam២០លើករបស់កីឡាករ Roger Federer ហើយនិងក្លាយជាកីឡាករអាយុច្រើនជាងគេបំផុតទី២ ឈ្នះជើងឯកនៅទីក្រុងញូវយ៉កក្នុងយុគសម័យ Open ក្រោយពីកីឡាករ Ken Rosewall ដែលបានឈ្នះជើងឯកមួយនេះ កាលពីឆ្នាំ១៩៧០ ពេលដែលគាត់មានអាយុ៣៥ឆ្នាំ។

កីឡាករ Nadalដែលបានលេងការប្រកួតដណ្តើមជើងឯក US Openជាលើកទី៥របស់គាត់ និងវគ្គផ្តាច់ព្រ័ត្រ Grand Slamជាលើកទី២៧នោះ បានក្លាយជាបុរសលើកដំបូងគេផងដែរ ឈ្នះជើងឯកធំចំនួន៥ នៅក្រោយអាយុ៣០ឆ្នាំ៕