បិទជាផ្លូវការ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ប្រកបដោយភាពជោគជ័យ

09-09-2019 8:39am

ភ្នំពេញៈ កាលពីយប់មិញថ្ងៃទី៨ កញ្ញា ឆ្នាំ២០១៩ នាសាលសន្និសិទចតុមុខ រាជធានីភ្នំពេញក្រុមភាពយន្តឈូករ័ត្ន ដែលជាអ្នករៀបចំកម្មវិធីមហោស្របភាពយន្តខ្នាតខ្លីលើកទី៨ ឆ្នាំ២០១៩ បានរំលេចកម្មវិធីបិទជាផ្លូវការ ក្រោមរូបភាពរីករាយប្រកបដោយភាពជោគជ័យ។ មហោស្របនេះ ចូលរួមដោយការប្រកួតភាពយន្តខ្នាតខ្លី ដោយមានជ្រើសរើសម្ចាស់ជ័យលាភីផងដែរ។

នាឱកាសនោះ គេឃើញមានការចូលរួមពីសិល្បករមួយចំនួន ពិសេសសិល្បករជាច្រើនរបស់ក្រុមគ្រួសារតារាកម្ពុជា មករំលេចបរិយាកាស ដើម្បីលើកទឹកចិត្តប្អូនៗយុវសិល្បកររលកក្រោយ ដែលបានប្រកួតប្រជែង។ ជាពិសេសមានវត្តមានលោក ហ៊ឹម សុទិត្យា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងមានការបង្ហាញលទ្ធ​ផលការងារមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ២០១៩ ពីលោកស៊ុ ស៊ីថែន។

បើយោងតាមប្រសាសន៍តំណាងគណៈវិនិច្ឆ័យ និងដាក់ពិន្ទុនៃមហោស្រពភាពយន្តខ្នាតខ្លីចតុមុខឆ្នាំ២០១៩ ឲ្យដឹងថា នេះជាការជំរុញលើកទឹកចិត្តដល់ប្អូនជំនាន់ក្រោយ ក្រោកឈរឡើងដើម្បីតស៊ូបង្កើតស្នាដៃថ្មីនៃភាពយន្តខ្លីប្រកបដោយការច្នៃប្រឌិតខ្ពស់អប់រំក្នុងសង្គម។ បើទោះមានការរើសយកអ្នកឈ្នះដាច់គេ មិនមែនមានន័យថា យើងមិនបានឈ្នះនោះទេ តែនេះជាបទពិសោធន៍។ ជាក់ស្តែងរូបកញ្ញាផ្ទាល់ ក៏​ធ្លាប់ឆ្លងកាត់ភាពមិនល្អឥតខ្ចោះ ក្នុងការសរសេរនិពន្ធ​រឿងមុនៗដែរ។ គណៈកម្មាការយើងវិនិច្ឆ័យយ៉ាងហ្មត់ចត់ណាស់ធានាថា អាចទទួលយកបានព្រោះសុទ្ធតែជាអ្នកជំនាញៗ។

នាឱកាសនោះ ក៏បានប្រកាសជ័យលាភីមួយចំនួនទៀតដូចជា ប្រកាសលទ្ធ​ផលសិក្ខាសាលាតាមខេត្ត លទ្ធផលសម្រាប់ជំរំភាពយន្តឯកសារ អ្នកឈ្នះរង្វាន់ទស្សនិកជនបរទេស  រង្វាន់ទស្សនិកជនក្នុងស្រុក រង្វាន់សម្រួលក្រោយការថត ជ័យលាភីលេខ២ភាពយន្តខ្មែរខ្លីឆ្នាំ២០១៩និងប្រកាសជ័យលាភីភាពយន្តខ្មែរខ្លីឆ្នាំ២០១៩។ ក្រៅពីនេះមានការចាក់បញ្ចាំងភាពយន្តខ្លីពិសេសរឿង«ផ្កាលីលី»ពីសមិទ្ឋិករមុនី កណ្ណដារង្គ ការសម្តែងចម្រៀងដោយអ្នកនាងម៉ៅ ស៊ីណាត កីដូចជាកញ្ញាអាថាព្រមទាំងកម្មវិធីជាច្រើនទៀត៕