Nice TV ប្រកាសចាក់ផ្សាយកម្មវិធីថ្មី «កូនក្រមុំឆ្នើម» នាយប់នេះ

08-09-2019 5:10pm

ភ្នំពេញៈ ស្ថានីយទូរទស្សន៍ Nice TV បានរៀបចំពិធីដាក់សម្ពោធជាផ្លូវការកម្មវិធី «កូនក្រមុំឆ្នើម»ដែលជាកម្មវិធីមួយថ្មីប្លែកមានលក្ខណៈពិសេសខុសប្លែកពីកម្មវិធីផ្សេងៗ ស្តីពីចំណងស្នេហាកូនកម្លោះ និងកូនក្រមុំមានប្រវត្តិស្នេហ៍បែបណាមុនពេលសំពះផ្ទឹម។ កម្មវិធីនេះបានរៀបចំយ៉ាងគគ្រឹកគគ្រេងនាយប់ថ្ងៃទី៧ កញ្ញា ឆ្នាំ២០១៩នៅទីតាំងព្រីនស៍ម៉ាណ័រកោះពេជ្ររាជធានីភ្នំពេញ ក្រោមការចូលរួមពីថ្នាក់ដឹកនាំទូរទស្សន៍ និងតារាកម្ពុជាល្បីៗជាច្រើនរូបផងដែរ។

ចាប់ពីយប់ថ្ងៃនេះ​តទៅ ស្ថានីយទូរទស្សន៍ណាយស៍ធីវី (Nice Tv) នឹងចាក់ផ្សាយ១២សប្ដាហ៍ជាប់ៗគ្នា នៅរៀងរាល់ល្ងាចម៉ោង៨យប់ថ្ងៃអាទិត្យ ដើម្បីអោយទស្សនិកជនកម្ពុជា បានរីករាយជាមួយកម្មវិធីទូរទស្សន៍ថ្មីមួយនេះ ព្រមទាំងជួបជាមួយ និងជជែកជាមួយទស្សនិកជននៅលើបណ្ដាញសង្គមធំៗដូចជា Facebook និងTikTokជាដើម។ ក្នុងចំណោមគូស្នេហ៍ដែលបានចុះឈ្មោះចូលរួមជាច្រើនគូ ពួកយើងស្វែងរកគូស្នេហ៍ចំនួន៣០គូជូនលោកអ្នក។ ពួកគេគឺជាគូស្នេហ៍ដែលក្លាយជាគ្រួសារតែមួយនៅឆ្នាំ២០១៩នេះ។ ពួកគេ គឺជាគូស្នេហ៍ដែលប្រឹងប្រែងធ្វើការងារ តស៊ូដើម្បីក្ដីស្រមៃរបស់ខ្លួន។ ពួកគេស្រលាញ់គ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ ជួយគ្នាទៅវិញទៅមក។ ខាងស្រីម្នាក់ៗសុទ្ធតែកូនក្រមុំឆ្នើមរបស់ខាងប្រុសម្នាក់ៗ។ ចាប់ផ្ដើមពីម៉ោង៨យប់ថ្ងៃទី៨ ខែកញ្ញា​ ឆ្នាំ២០១៩នេះតទៅ កម្មវិធី “កូនក្រមុំឆ្នើម” ឧបត្ថម្ភធំផ្ដាច់មុខ ដោយមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ សហការផលិតដោយ NICE TV និង CYTI MEDIA  នឹងផ្សាយជូនទស្សនិកជនរៀងរាល់យប់ថ្ងៃអាទិត្យ បន្តផ្សាយរយៈពេល១២សប្ដាហ៍ជាប់ៗគ្នា បង្ហាញជូនលោកអ្នកនូវទិដ្ឋភាពដ៏អស្ចារ្យ។

សូមប្រាប់ដំណឹងមួយជូនលោកអ្នកទាំងអស់គ្នា កម្មវិធី”កូនក្រមុំឆ្នើម”ទាំងមូលសុទ្ធតែថតនៅក្នុងបរិវេណមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ ដែលទើបតែសាងសង់ថ្មីទាំងអស់ ហើយមជ្ឈមណ្ឌលកម្សាន្តព្រីនម៉ាណ័រស៍ គឺជាម្ចាស់ឧបត្ថម្ភកម្មវិធីផ្ដាច់មុខនៃកម្មវិធីនេះតែម្ដង។

ដោយឡែកគូស្វាមីភរិយាលោក គីម សីហា និងអ្នកនាង គង់ ច័ន្ទស្រីមុំ លោក គឹម សីហា គឺជាអតីត Freshie boy ទទួលបានជ័យលាភីលេខ២ ប្រចាំឆ្នាំ២០០៧ ជាតារាសម្ដែងដ៏ល្បីឈ្មោះ អ្វីដែលពិសេសលោកបានសម្រេចនូវបំណងចំណងអពាហ៍ពិពាហ៍នៅថ្ងៃទី១៤ មិនា ២០១៦ គូស្នេហ៍គំរូល្អជាមួយនិងអ្នកស្រី គង់ ចាន់ស្រីមុំ ដែលជាតារាសម្ដែងកាយវិការ និងតារាសម្តែងភាពយន្តល្បីក្នុងរឿង ម៉េចដែរខ្លាចអត់?  ហើយចំណងស្នេហ៍របស់ពួកគាត់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

អ្នកស្រី សក្តិ សាកេត គាត់ជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញ ដែលទទួលបានការគាំទ្រនិងពេញនិយមយ៉ាងច្រើន តាមរយៈខ្សែរភាពយន្តខ្នាតធំ ក្នុងរឿង “កញ្ញាម្ទេសទុំ” “រឿងព្រះគុណម៉ែ” “រឿងជួបហើយម្ដេចព្រាត់” មិនត្រឹមតែប៉ុណ្ណោះលោកស្រី ក៏ជាអ្នកនិពន្ធខ្សែភាពយន្ត និងជាជំនួយការដឹកនាំរឿង ហើយជាពិធីការិនីជើងចាស់ប្រចាំនៅស្ថានីយទូរទស្សន៍ អប្សរា។

តារាចម្រៀងល្បី និងជាគណៈមេប្រយោគកញ្ញា EVA ឲ្យដឹងថា បើជាកូនក្រមុំឆ្នើម រូបសម្បត្តិ សម្ផស្សប្រាកដជាសំខាន់ខ្លាំង ប៉ុន្តែព្រោះតែមានឈ្មោះជាពិសេសថា កូនក្រមុំឆ្នើមហើយ ដូចនេះរូបសម្ផស្សមិនមែនជាបទដ្ឋានសំខាន់បំផុតនោះទេ។ នារីខ្មែរយើងពេលរៀបការមានគ្រួសារហើយ ប្រាកដជាក្លាយជាតួអង្គសំខាន់នៅក្នុងគ្រួសារ ដើម្បីរៀបចំគ្រួសារអោយកាន់តែល្អឡើងៗសំខាន់ត្រូវមើលថាពួកគាត់មានចរិយាសម្បត្តិ ទឹកចិត្តល្អប៉ុណ្ណាដែរ។ ខ្ញុំសង្ឃឹមថាឆ្លងកាត់កម្មវិធីលើកនេះ អាចអោយស្ត្រីខ្មែរយើងកាន់តែច្រើនទៀតមានជំនឿចិត្តលើខ្លួនឯង ព្រមទាំងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជីវិតស្រស់បំព្រងរបស់គ្រួសារខ្លួន៕