កីឡាករ Neymar សុខចិត្តដកលុយហោប៉ៅខ្លួនឯង២២លានដុល្លារ ដើម្បីបញ្ចប់ការផ្ទេរទៅកាន់ក្លិប Barcelona

07-09-2019 3:21pm

បាល់ទាត់ៈ កាលពីថ្ងៃសុក្រម្សិលមិញនេះ ប្រធានក្លិប Barcelonaលោក Josep Maria Bartomeu បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា កីឡាករ Neymarបានធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីបានវិលត្រឡប់មកកាន់ទឹកដី Camp Nouវិញពីក្លិប Paris Saint-Germain នៅរដូវកាលបិទការប្រកួតនេះ ប៉ុន្តែក្លិបរបស់លោកមិនអាចឈានដល់ការទាមទាររបស់ក្លិបជើងឯកបារាំងមួយនេះ។

អតីតក្លិបរបស់គាត់មួយនេះ មិនអាចបញ្ចប់កិច្ចព្រមព្រៀងមួយដើម្បីសង្រ្គោះកីឡាករវ័យ២៧ឆ្នាំម្នាក់នេះ ពីសុបិនអាក្រក់នៅទីក្រុងប៉ារីសដដែល ក្នុងនោះក្នុង កីឡាករ Neymarសុខចិត្តចេញលុយហោប៉ៅខ្លួនឯង២២លានដុល្លារ ដើម្បីឲ្យការផ្ទេរនេះទៅរួច។

សេចក្តីរាយការណ៍ជាច្រើន បានអះអាងថា ក្លិប Barcelonaយល់ព្រមផ្តល់កីឡាករជាច្រើននាក់របស់ពួកគេទៅវិញ  ក្នុងនោះរួមទាំងកីឡាករ Ivan Rakitic និងកីឡាករ Ousmane Dembele ផងដែរ ប៉ុន្តែនៅតែមិនអាចជោគជ័យដដែល ដោយសារតែការទាមទាររបស់ក្លិប PSGខ្ពស់ខ្លាំងពេក។

ទោះបីជាយ៉ាងណាក៏ដោយ រឿងក្តីក្តាំងផ្ទេរដ៏យូរបំផុតនេះ បានបញ្ចប់ទៅកាលពីដើមសប្តាហ៍នេះ ដោយកីឡាករ Neymarបន្តនៅលេងជាមួយក្រុម PSG ដែលបានចំណាយលុយឲ្យក្លិប Barcelona២២២លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលម្នាក់នេះ កាលពីឆ្នាំ២០១៧៕