ការចិញ្ចឹមត្រី និងការអភិរក្សក្តាមសមុទ្រ ក្នុងសហគមន៍នេសាទត្រពាំងរពៅ ទទួលបានផលល្អ

28-08-2019 11:11am

កំពតៈ ប្រជាសហគមន៍ជាង២៥គ្រួសារនាំគ្នាចិញ្ចឹមត្រី និងអភិរក្សបង្កើតធនាគារក្អាមក្នុងដែន សហគមន៍នេសាទ ត្រពាំងរពៅ ប្រជាហសគមន៍ទាំងនោះ បានលើកឡើងថា ការចិញ្ចឹមត្រីទទួលបានផលល្អ ឯកការអភិរក្ស លែងសត្វក្អាមពងធ្វើឡើងជារាងរាល់ថ្ងៃ ហើយបើទោះបីជា សហគមន៍ទទួលរងការប៉នប៉ងរំលោភ បំពានពីក្រុមហ៊ុនវិនិយោគ និងបទល្មើសនេសាទខុសច្បាប់យ៉ាងណាក៏ដោយ ការងាររបស់ពួកគេនៅតែបន្តដល់ថ្ងៃចុងក្រោយ។  

ប្រជាសហគមន៍ លោក កិប គង់ បានប្រាប់ឲ្យដឹងថាបច្ចុប្បន្នរូបលោកប្តូរពីការនេសាទមកចិញ្ចឹមត្រីនៅក្នុងបរិវេណដែនសហគមន៍នេសាទត្រពាំងរពៅវិញ។ លោកបានជ្រើសរើសចិញ្ចឹមត្រីបីប្រភេទ មានចំនួន៧បែ។ លោកថាការចិញ្ចឹមត្រីអាចទទួលបានប្រាក់កម្រៃសមល្អអាចឆ្លើយតបតម្រូវការគ្រួសារបាន ហើយបើទោះជាបានឭដំណឹងថា សហគមន៍ត្រូវបានពួកអ្នកវិយោគមានគម្រោងចង់ចាក់ដីលប់បំផាត់យ៉ាងណាក៏ដោយ ក៏លោកនៅតែប្រកបការងារចិញ្ចឹមត្រីដដែល ព្រោះជីវភាពគ្រួសារពឹងលើការចិញ្ចឹមត្រី។

ចិញ្ចឹមត្រីបីប្រភេទ មានត្រីឈ្ពុង ត្រីតុកកែ  និងត្រីអាំងកីយ លោក ម៉ាត់ លី ប្រជាសហគមន៍ម្នាក់បានរៀបរាប់ពីបទពិសោធចិញ្ចឹមត្រីថា  ការចិញ្ចឹមត្រីឈ្ពុងប្រមូលផលបានច្រើនជាងត្រីផ្សេងៗ ហើយប្រើរយៈពេលខ្លី(៨ខែ) ចំណែកឯត្រីផ្សេងប្រើពេលដល់មួយឆ្នាំ ការចិញ្ចឹមត្រីទាមទាការអត់ធ្ងត់ និងឧស្សាព្យាយាម ព្រមទាំងចំណាយទន់រាងច្រើនបន្តិចដែរ។  ការចិញ្ចឹមក្នុងព្រែកគេចាប់ផ្តើដាក់កូនត្រីនៅរដូវមានភ្លៀងធ្លាក់ ប៉ុន្តែសម្រាប់ការចិញ្ចឹមនៅក្នុងសមុទ្ររបស់ដែនសហគមន៍ដាក់ខែណាក៏បានដែរ  ហើយត្រីធំធាត់បានល្អ ព្រោះសមុទ្រមានទឹកស្អាត សំបូរអ៊ុកស៊ីសែន និងមានចំណីអាហារបន្ថែម។

លោក ម៉ាត់ លី បានសំណូមពរកុំឲ្យមានការចាក់ដីលប់តំបន់សហគមន៍នេសាទត្រពាំងរពៅ ព្រោះវាមផលប៉ះពាល់ច្រើនដល់ប្រជានេសាទ និងតំបន់អភិរក្សផ្សេងៗ។

ប្រធានសហគមន៍លោក ទិត្យ រិន បានប្រាប់ឲ្យដឹងថា ប្រជាហសគមន៍មកចិញ្ចឹមត្រីមាន ២៥គ្រួសារ ចិញ្ចឹមត្រីចំនួន ១០០បែ ហើយក្នុងនោះ ក៏មានបែធនាគារក្អាមចំនួនបីផងដែរ ក្នុងមួយបែ ចិញ្ចឹមត្រីបានពី ៥០០ ទៅ៦០០ក្បាល ។ការចិញ្ចឹមត្រីទួលបានផល្អ ទទួលបានប្រាក់កម្រៃខ្ពស់ ហើយគ្មានការព្រួយបារម្ភខ្លាចបាត់បង់ទេ។ ចំនែកឯកការប្រលែងក្អាមពង ក្នុងធនាគារក្តាម បានធ្វើឡើងជាងរៀងរាល់ថ្ងៃ។

យ៉ាងណាក៏ដោយសហគមន៍មួយនេះ កំពុងទទួលរងការគំរាមកំហែង និងការប៉ុនប៉ងរំលោភបំពានពី ក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍តំបន់ឆ្នេរ និងបទល្មើសនេសាទផ្សេងៗផងដែរ ខណៈដែលអាជ្ញាធរមូលដ្ឋានខ្វះ ការចូលរួមជាមួយសហគមន៍ ព្រោះយល់ថាសហគមន៍នេះ និងត្រូវចាក់ដីលប់បំពេញដើម្បីធ្វើការអភិវឌ្ឍន៍។