តម្លៃប្រេងធ្លាក់ចុះ ខណៈសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក បង្កក្តីកង្វល់ពីការធ្លាក់ចុះសេដ្ឋកិច្ចសកល

26-08-2019 12:17pm

បរទេសៈ តម្លៃប្រេង បានធ្លាក់ចុះនៅថ្ងៃចន្ទនេះ ជាហេតុជំរុញឲ្យប្រេងឆៅសហរដ្ឋអាមេរិក ធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២សប្តាហ៍ ស្របពេលដែលសង្រ្គាមពាណិជ្ជកម្មកើនឡើងខ្លាំងរវាងសហរដ្ឋអាមេរិក និងចិន បានធ្វើឲ្យបាក់ទំនុកចិត្តលើសេដ្ឋកិច្ចសកល។

តម្លៃប្រេងឆៅធ្លាក់ចុះ៦៣សេន ឬស្មើនឹង១.១ភាគរយ មកនៅត្រឹម៥៨.៧១ដុល្លារក្នុង១បារ៉ែល គិតត្រឹមវេលាម៉ោង០២ និង៣២នាទីម៉ោងសកល ដោយកាលពីមុននេះបន្តិច វាបានធ្លាក់ដល់តម្លៃ៥៨.២៤ដុល្លារក្នុង១បារ៉ែល ដែលជាការធ្លាក់ចុះទាបបំផុត ចាប់តាំងពីថ្ងៃទី១៥ ខែសីហាមក។

តម្លៃប្រេងសហរដ្ឋអាមេរិក បានធ្លាក់ចុះ៦៨សេន ឬស្មើនឹង១.៣ភាគរ មកនៅត្រឹម៥៣.៤៩ដុល្លារក្នុង១បារ៉ែល ដែលកាលពីមុននេះបន្តិច វាបានធ្លាក់ចុះដល់ត្រឹម៥២.៩៦ដុល្លារក្នុង១បារ៉ែល ដែលជាការធ្លាក់ចុះទាបបំផុត ចាប់តាំងពីថ្ងៃទី៩ ខែសីហា រហូតមក។

ក្តីកង្វល់ពីការធ្លាក់ចុះសេដ្ឋកិច្ច ត្រូវបានបង្កឡើងដោយសារតែភាពតានតឹងឡើងកម្តៅខ្លាំងលើបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ក្រសួងពាណិជ្ជកម្មចិន បាននិយាយកាលពីសប្តាហ៍មុនថា ពួកគេនឹងដំឡើងពន្ធបន្ថែមទៀត៥ភាគរយ ឬ១០ភាគរយលើទំនិញសរុប៥.០៧៨មុខ ដែលមានប្រភពដើមចេញពីសហរដ្ឋអាមេរិក ដែលរួមទាំងប្រេងឆៅ ផលិតផលកសិកម្ម ដូចជាសណ្តែកសៀង និងយន្តហោះខ្នាតតូចជាដើម។

ជាការសងសឹកវិញ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា លោកនឹងបញ្ជាឲ្យក្រុមហ៊ុនសហរដ្ឋអាមេរិក រកច្រកចេញដើម្បីបិទប្រតិបត្តិការនៅក្នុងប្រទេសចិន និងបង្កើតចង្វាក់ផលិតកម្មនៅសហរដ្ឋអាមេរិកវិញ៕