ការសិក្សាថ្មី ៖ ចិន នឹងឈ្នះអាមេរិក បើសិនជាផ្ទុះសង្រ្គាម នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក

21-08-2019 5:54pm

បរទេសៈ ការសិក្សាថ្មីដោយក្រុមអ្នកស្រាវជ្រាវអូស្រ្តាលី បានធ្វើការព្រមានថា សហរដ្ឋអាមេរិក នឹងចាញ់សង្រ្គាមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាមួយចិន ដោយសារតែទីក្រុងប៉េកាំង អាចបើកការវាយប្រហារ និងឈ្នះជម្លោះយោធាមួយនេះ មុនពេលដែលកងកម្លាំងសហរដ្ឋអាមេរិក អាចតបតវិញបាន។

មជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកមកពីសាកលវិទ្យាល័យស៊ីដនី បានចេញនូវរបាយការណ៍របស់ខ្លួន ដោយបានលំអិតពីរឿងរ៉ាវកំពុងកើតឡើងនៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីត្រួសត្រាយផ្លូវឲ្យចិនមានឥទ្ធិពលបន្ថែមទៀត។

របាយការណ៍ដែលមានឈ្មោះថា “Averting Crisis” បានអះអាងថា អាមេរិកលែងមានអាទិភាពយោធាទៀតហើយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយសមត្ថភាពរបស់ពួកគេ ក្នុងការរក្សាតុល្យភាពអំណាចរបស់ខ្លួន កំពុងស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់។

ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថា ថ្វីត្បិតតែសហរដ្ឋអាមេរិកជាមហាអំណាចយោធាក៏ដោយ ក៏ផលប៉ះពាល់ដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងទំហំនៃការពង្រឹងកម្លាំងយោធាសហរដ្ឋអាមេរិកចុះខ្សោយ លែងធ្វើឲ្យពួកគេត្រៀមខ្លួនបានទៀតហើយក្នុងការប្រកួតប្រកួតផ្នែកមហាអំណាចយោធានៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

របាយការណ៍នេះ បានធ្វើការព្រមានថា ចិននឹងអាចប្រើប្រាស់កង្វះខាតយោធាសហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើម្បីវាយប្រហារមកលើប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់របស់ក្រុងវ៉ាស៊ីងតោន មុនពេលដែលសហរដ្ឋអាមរិក អាចតបតបាន៕