ក្រុមសកម្មប្រយុទ្ធ៥៩នាក់ ស្លាប់អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ ប្រទេសស៊ីរី

14-08-2019 7:19pm

ស៊ីរីៈ ក្រុមសង្កេតការណ៍សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅអង់គ្លេស និងជាក្រុមឃ្លាំមើលសង្រ្គាមពាក់ព័ន្ធនឹងក្រុមប្រឆាំង បាននិយាយថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងគាំទ្ររដ្ឋាភិបាល និងក្រុមឧទ្ទាម បានសម្លាប់មនុស្ស៥៩នាក់ផងដែរ កាលពីថ្ងៃអង្គារ នៅតំបន់ភាគពាយព្យប្រទេសស៊ីរី។

ពួកគេបានអះអាងថា កាលពីព្រឹកថ្ងៃពុធនេះ ទាហានស៊ីរី ដណ្តើមបានភូមិ តែល អាស់ និងភូមិ ក្វា អ៊ីន ស្ថិតនៅភាគខាងលិចនៃតំបន់កាន់កាប់ ខាន់ សេឃូន របស់ក្រុមឧទ្ទាម ភាគពាយព្យប្រទេសស៊ីរី។

 សារព័ត៌មាន Syrian Central Military Media គ្រប់គ្រងដោយរដ្ឋាភិបាលស៊ីរី បានអះអាងថា ក្រុមសកម្មប្រយុទ្ធគាំទ្ររដ្ឋាភិបាល ដណ្តើមបានភូមិទាំងនេះ ក្រោយសង្រ្គាមដ៏ខ្លាំងក្លាជាមួយក្រុមជីវពលដែលជាខ្សែបណ្តាញរបស់ក្រុមឧទ្ទាមអាល់កៃដា។

 គួរឲ្យដឹងថា ទាហានស៊ីរី បាននឹងកំពុងធ្វើសង្រ្គាមដណ្តើមតំបន់កាន់កាប់សំខាន់ពីក្រុមឧទ្ទាមនៅតំបន់ភាគខាងជើងនៃខេត្តហាម៉ា និងស្រុកភាគខាងត្បូងនៃខេត្តអ៊ីដលីប ដែលជាតំបន់កាន់កាប់ចុងក្រោយរបស់ក្រុមឧទ្ទាមនៅស៊ីរី។

 ទាហានស៊ីរី បានវាយដណ្តើមខេត្តអ៊ីដលីប និងតំបន់ជុំវិញទីនោះ ចាប់តាំងថ្ងៃទី៣០ ខែមេសា រហូតមក។ យុទ្ធនាការវាយប្រហារតាមច្រកអាកាស និងផ្លោងគ្រាប់កំាភ្លើងធំរយៈពេល៣ខែ បានសម្លាប់មនុស្សជាង២ពាន់នាក់នៅភាគីទាំង២ និងធ្វើឲ្យមនុស្ស៤០ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញ៕