ភរិយាតារាកំប្លែងនាយ តាក់ ស៊ី បានប្រកាសជំហរមិនទទួលយកប្តី ក្រោយពីសឹកវិញទេ តែអាចរាប់អានត្រឹមជាបងប្រុស

14-08-2019 7:14pm

ភ្នំពេញៈ រឿងរ៉ាវខ្សែជីវិត នាយតាក់ស៊ី បានក្លាយជាប្រធានបទដ៏សែនក្តី សម្រាប់មហាជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដ្បិតក្រោយរូបនាយបានលាចាកពី​ផ្នួស ពេលត្រលប់វិញ នាយបានបាត់បង់អស់អ្វីគ្រប់យ៉ាង ហើយថ្មីៗនេះ ក្នុងពេលឆ្លើយឆ្លងជាមួយលោក ហេង ឡុង តារាកំប្លែងប្រចាំស៊ីប៊ីអេសរូបនេះ ក៏បានប្រាប់ច្បាស់ថា ខ្លួន និងភរិយា បានបញ្ចប់គ្នាទៅហើយ ដែលរឹងរឹតតែធ្វើឲ្យអ្នកគាំទ្រ កាន់តែស្លុតចិត្ត និងបានដាក់កំហុសទៅកាន់នាង ភីម ថា ក្រោយពេលប្តីធ្លាក់ខ្លួន បែរជាបោះបង់ចោល ដូចសត្វធាតុមិនស្រណោះគ្រាដើម បន្តិចសោះបែបនេះ។

ជុំវិញចម្ងល់ និងពាក្យពេចន៍វាយប្រហារមិនទុកផ្លូវឲ្យនាង ភីម យ៉ាងដូច្នេះ មុននេះនាងក៏បាន ចេញមុខប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយឲ្យដឹងពីហេតុផល ឈានដល់ដំណាក់កាលនាងលែងអើពើ ឈប់ខ្វាយឈប់ខ្វល់ពីជីវិតអតីតស្វាមីថា « នាងបានលះលែងគ្នាហើយ តាំងពីមុនពេលទៅបួសម្ល៉េះ ដោយបានផ្ដិតមេដៃដឹងឮពីគ្រួសារ និងមន្ត្រីអាជ្ញាធររួចរាល់អស់ហើយ ដោយសារតែចំណងអាពាហ៍ពិពាហ៍គ្មានអេតាស៊ីវិល»

បន្ថែមលើនេះ តារាកំប្លែងសាច់សខ្ចី គាប់ភ្នែកកន្លង់ក្មេងចាស់ នាងភីម បានបន្តកកាយទៀត ថា «ហេតុផលផ្ដិតមេដៃលែងគ្នាមិនមែនជាមូលហេតុ ដែលធ្វើអោយនាងមិនអាចទទួលយក នាយតាក់ស៊ីវិញនោះទេ ប៉ុន្តែមកពីនាងអស់សង្ឃឹមនឹងយកលោកមកធ្វើជាស្វាមីម្ដងទៀត និងស្ម័គ្រដើរជីវិតរៀងខ្លួន ដោយក្នុងរយៈពេលនៃការរួមរស់ នាង និងកូនប្រុសពិបាកផ្លូវចិត្តយ៉ាងខ្លាំង ពោលពេលលោកចង់ធ្វើអ្វី ក៏ធ្វើតាមចិត្តចង់ ដូចមនុស្សគ្មានប្រពន្ធកូន។ លើសពីនេះ ទៀត នាងភីម ក៏បានប្រកាសជំហរមិនទទួលយក នាយ តាក់ស៊ីជាស្វាមីវិញទេ ប៉ុន្តែនៅ រាប់អានគ្នា ដោយឡើងចុះទៅមើលលោក និងអោយលោកចេញចូលផ្ទះដូចបងប្រុសម្ដងម្កាលបានផងដែរ៕