កូរ៉េខាងជើង ៖ ការដាក់ពង្រាយមីស៊ីលអាមេរិក នៅកូរ៉េខាងត្បូង នឹងបង្កឲ្យមានសង្រ្គាមត្រជាក់ថ្មី

14-08-2019 7:01pm

កូរ៉េខាងជើងៈ សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃពុធនេះថា វិធានការណាមួយដោយសហរដ្ឋអាមេរិក ដាក់ពង្រាយមីស៊ីលអន្តរទ្វីបរយៈចម្ងាយមធ្យមនៅកូរ៉េខាងត្បូង អាចនឹងបង្កឲ្យមាន “សង្រ្គាមត្រជាក់ថ្មី” និងការប្រកួតប្រជែងអាវុធកើតឡើងនៅក្នុងតំបន់។

រដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិក លោក ម៉ាក អេស្ពឺ បាននិយាយនៅក្នុងខែនេះថា លោកចង់ដាក់ពង្រាយមីស៊ីលរយៈចម្ងាយធម្យមបាញ់ចេញពីដីគោកនៅអាស៊ី រយៈពេល១ថ្ងៃប៉ុណ្ណោះ ក្រោយពេលសហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម(INF)ជាមួយរុស្ស៊ី។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា សហរដ្ឋអាមេរិក ចង្អុរបង្ហាញថា ពួកគេបច្ចុប្បន្នកំពុងពិនិត្យមើលគម្រោងការសម្រាប់ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមបាញ់ចេញពីដីគោក នៅក្នុងតំបន់អាស៊ី ហើយកូរ៉េខាងត្បូង អាចជាទីតាំងមួយដែលពួកគេចង់ដាក់ពង្រាយ។

KCNA បានរាយការណ៍ទៀតថា វាគឺជាទង្វើរធ្វេសប្រហែសមួយធ្វើឲ្យភាពតានតឹងកើនឡើងក្នុងតំបន់ គឺជាទង្វើរមួយដែលនាំឲ្យកើតមានសង្រ្គាមត្រជាក់ថ្មី និងការប្រកួតប្រជែងអាវុធនៅតំបន់អាស៊ីបូព៌ា បើសិនជាមានការដាក់ពង្រាយអាវុធឈ្លានពានថ្មីនៅកូរ៉េខាងត្បូងពិតមែននោះ៕