លោក ត្រាំ រងការវាយប្រហារចំពោះគោលជំហរមិនលូកដៃចូលរបស់គាត់ទៅក្នុងភាពវឹកវរ នៅហុងកុង

14-08-2019 6:52pm

អាមេរិកៈ កាលពីថ្ងៃអង្គារ ម្សិលមិញនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេវាយប្រហារចំៗមកលើដំណោះស្រាយមិនលូកដៃរបស់លោកទៅក្នុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ដោយសារតែលោកបានបញ្ចៀសផុតពីការរិះគន់ដល់ទីក្រុងប៉េកាំង បើទោះបីជាទាហានចិន បានប្រមូលផ្តុំគ្នានៅជាប់ព្រំដែនតំបន់ពាក់កណ្តាលស្វយ័តមួយនេះក៏ដោយ។

ក្រុមអ្នករិះគន់ បានចោទប្រកាន់លោកត្រាំ ថាបោះបង់ចោលគោលនយោបាយជាយូររបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រចលនាប្រជាធិបតេយ្យ ហើយនិងបើកភ្លើងខៀវ ដល់ទីក្រុងប៉េកាំង ឲ្យធ្វើអន្តរាគមន៍លើតំបន់ពាក់កណ្តាលស្វយ័តរបស់ចិនមួយនេះ និងជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដ៏សំខាន់បំផុតរបស់ពិភពលោក។

ស្របពេលដែលក្រុមបាតុករ ប៉ះទង្គិចជាមួយក្រុមនគរបាលនៅក្នុងអាកាសយានដ្ឋានអន្តរជាតិហុងកុងកាលពីថ្ងៃអង្គារ បណ្តាលឲ្យផ្អាកការហោះហើរដោយអន្លើរនោះ លោកត្រាំ ទំនងជាមានយោបល់ផ្ទុយគ្នា ដោយលោកបាននិយាយប្រាប់ក្រុមអ្នកកាសែតថា ស្ថានភាព ពិតជាពិបាកខ្លាំងណាស់។

លោកបាននិយាយថា លោកសង្ឃឹមថា វានឹងត្រូវដោះស្រាយសម្រាប់អ្នករាល់គ្នា ដែលរួមទាំងចិនផងដែរ។ លោកសង្ឃឺមថា វានឹងត្រូវដោះស្រាយដោយសន្តិវិធី គ្មាននរណាម្នាក់ចង់ឈឺចាប់ គ្មាននរណាម្នាក់ ចង់ស្លាប់នោះទេ។

ក្រោយមក លោកត្រាំ បានបង្ហោះសារតាម Twitterថា ក្រុមចារកិច្ចសហរដ្ឋអាមេរិក បានអះអាងថា ទីក្រុងប៉េកាំង បានបញ្ជូនទាហានទៅកាន់ព្រំដែនជាមួយហុងកុង៕