ការប្រកួតកីឡាវាយសី ដណ្តើមពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសី លើកទី៥ ឆ្នាំ២០១៩នេះ ថែមមួយវិញ្ញាសាទៀត សម្រាប់ថ្នាក់ដឹកនាំតាមបណ្តាក្លិប

14-08-2019 2:58pm

ភ្នំពេញៈ ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយសីកម្ពុជាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃ ទី១៤ ខែសីហានេះថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធលើកទី៥ ដែលរៀបចំដោយសហព័ន្ធកីឡាវាយសីកម្ពុជា គ្រោងដំណើរការប្រកួតផ្លូវការ ចាប់ពីថ្ងៃ ទី១៧ដល់១៨ ខែ សីហា ឆ្នាំ២០១៩ខាងមុខនេះ សហព័ន្ធបានសម្រេចដាក់វិញ្ញាសាប្រកួតចំនួន៦វិញ្ញា ដោយបន្ថែមមួយវិញ្ញាទៀតសម្រាប់ថ្នាក់ដឹកនាំតាមក្លិប  ខណៈឆ្នាំមុនៗកន្លងទៅការប្រកួតដណ្តើមពានរង្វាន់មួយនេះមានតែ៥វិញ្ញាសាប៉ុណ្ណោះ។

ឧត្តមសេនីយ៍ទោរូបនេះ អះអាងទៀតថា មូលហេតុដែលសហព័ន្ធបង្កើនវិញ្ញាសាមួយបន្ថែមមួយទៀត សម្រាប់ថ្នាក់ដឹកនាំតាមក្លិប មានវត្តមានប្រកួតប្រជែងដែរនោះ ក៍ព្រោះតែសហព័ន្ធចង់គៀងគរបំផុសកីឡាករការិនីតាមបណ្តាក្លិបឲ្យចូលរួមប្រកួតក្នុងពានរង្វាន់នេះមានចំនួនច្រើន ដ្បិតថ្នាក់ដឹកនាំក្លិប គឺជាចលនាគៀងគរដ៍សំខាន់។

អគ្គលេខាធិការរង បន្ថែមទៀតថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធបានបង្កើតឡើង៤ឆ្នាំមកហើយ ក្រោមគំនិតផ្តួចផ្តើមពីឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ក្នុងគោលដៅបំផុសគ្រៀងគរផ្សព្វផ្សាយអភិវឌ្ឍន៍វិស័យកីឡាវាយសីនៅកម្ពុជាអោយរីកចំរើន ដើម្បីផលិតបាននូវធនធានឆ្នើមល្អសម្រាប់សហព័ន្ធក្នុងការត្រៀមប្រជែងដណ្តើមមេដាយពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឧត្តមសេនីយ៍ទោ ជាម សុភា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់សប្បុរសជនដូចជា ឧកញ៉ា អ៊ឹម ភាន់សុផល ដែលបានជួយឧបត្ថម្ភទ្រទ្រង់ដល់ការប្រកួតទាំងមូល ហើយ លោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូមួយចំនួនទៀតដូចជា ក្រុមហ៊ុនបណ្តាគារអន្តរជាតិ IBC .ហាងលក់សម្ភារៈកីឡាខេមរៈមហានគរ និងហាងលក់សម្ភារៈកីឡាSK។

សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់ប្រធានសហព័ន្ធកីឡាវាយសីលើកទី៥ ឆ្នាំ២០១៩ នឹងដំណើរការប្រកួតផ្លូវការ២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែសីហា ឆ្នាំ២០១៩ ដោយធ្វើការប្រកួតលើ៦វិញ្ញាសា មានក្លិបចូលរួមប្រកួតចំនួន១៨ក្លិប កើនឡើងចំនួន៣ក្លិប និងកីឡាករការិនីចូលរួមសរុបចំនួន១៣៩នាក់ ខណៈដែលឆ្នាំ២០១៨ កីឡាករការិនីចូលរួមមានតែ១២២នាក់ប៉ុណ្ណោះ៕