Novak Djokovic ឡើងទៅជុំបន្ទាប់ នៅ Cincinnati ក្រោយឈ្នះ Sam Querrey

14-08-2019 2:38pm

វាយតឺន្នីសៈ កាលពីថ្ងៃអង្គារម្សិលមិញនេះ  កីឡាករចំណាត់ថ្នាក់លេខ១ពិភពលោកNovak Djokovicរបស់ស៊ែប៊ី បានបង្ហាញទម្រង់លេងដ៏គួរចាប់អារម្មណ៍នៅមុនព្រឹត្តការណ៍ US Openជាមួយនឹងជ័យជំនះទាំង២សិតក្នុងការប្រកួត Cincinnati ខណៈដែលបញ្ហារបួសខ្នង បានបង្ខំឲ្យកីឡាការិនីអាមេរិក Serena Williams ដកខ្លួនចេញពីការប្រកួត។

កីឡាករគ្រងជើងឯកម្នាក់នេះ លេងបម្រើច្រើននៅការប្រកួតបើកឆាកជាមួយកីឡាករ Sam Querrey ប៉ុន្តែលោកបានធ្វើឲ្យអ្វីៗដំណើរការទៅតាមការគ្រោងទុក ដើម្បីសម្រេចបានជ័យជំនះក្នុងលទ្ធផលពិន្ទុ7-5, 6-1 លើកីឡាករអាមេរិកម្នាក់នេះ។

កីឡាករ Djokovic បាននិយាយថា លោកបានបញ្ចប់ការប្រកួតទៅល្អ បើទោះបីជាលោកចាប់ផ្តើមលេងដំបូងត្រដាបត្រដួលខ្លាំងក៏ដោយ។

លោកបន្តថា កីឡាករ Sam ហាក់ដូចជាមានទំនុកចិត្តខ្ពស់លើសមត្ថភាពលេងរបស់ខ្លួន នៅលើទីលានប្រកួត ពេលចាប់ផ្តើមលេងភ្លាម។ វាពិបាកខ្លាំងណាស់ក្នុងការប្រឈមជាមួយនឹងការលេងបម្រើរបស់គាត់។

កីឡាការិនី Williams សុខចិត្តសម្រាក ដើម្បីទុកកម្លាំងលេងនៅថ្ងៃទី២៦ ខែសីហាខាងមុខនេះ ដែលជាពេលចាប់ផ្តើមសម្រាប់ព្រឹត្តការណ៍ US Open ដោយនាងសម្រេចចិត្តដកខ្លួនចេញពីការប្រកួតជុំទី១ជាមួយកីឡាការិនីឆ្លងវគ្គជម្រុះ Zarina Diyas  ពោលគឺរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពេលនាងបង្ខំចិត្តឈប់លេងពាក់កណ្តាលទីនៅវគ្គផ្តាច់ព្រ័ត្រ WTA Toronto ដោយសារតែបញ្ហាខ្នង៕