ជនឆ្លៀតឱកាស! បន្លំធ្វើជាសាច់ញាតិ នារីរងគ្រោះ ហៅកង់បីដឹកទៅពេទ្យ តាម​ពិតលួចយកទូរស័ព្ទ iPhone X ទៅបាត់

14-08-2019 2:32pm

ភ្នំពេញៈ ជន​ឆ្លៀតឱកាសមកបន្លំធ្វើជាសាច់ញាតិ យកទូរស័​ព្ទនារីរងគ្រោះទៅបាត់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យនារីម្នាក់ រងរបួសធ្ងន់ បែកមុខបែកមាត់អស់មួយចំហៀង បន្ទាប់ពីគាត់បើកម៉ូតូមួយគ្រឿង Scoopy ពុំមានស្លាកលេខ ក្នុងល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព បានជ្រុលទៅបុកម៉ូតូ VIVA ពាក់ស្លាកលេខភ្នំពេញ 1O-5247 របស់បុរសជនជាតិវៀតណាមម្នាក់  កំពុងបើកឆ្លងបញ្ច្រាសទិស បានពាក់កណ្ដាលផ្លូវ ធ្វើឲ្យដួលទាំងពីរគ្រឿង។

ភ្លាមៗនោះ អ្នកដំណើរឆ្លងកាត់នោះ រួមទាំង២នាក់ប្ដីប្រពន្ធ ដែលជិះម៉ូតូ TODAY ស្លាកលេខភ្នំពេញ  1I-6475 បានហៅកង់បីឥណ្ឌា មកជួយដឹកយកទៅមន្ទីរពេទ្យ និងមានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុដែរ តែ២នាក់ប្ដីប្រពន្ធនោះ មិនព្រមរង់ចាំខាងសមត្ថកិច្ច ដែលកំពុងទាក់ទងរថយន្តសង្គ្រោះមកដឹកទៅមន្ទីរពេទ្យទេ រួចដឹកយកទៅគ្លីនិកចាក់អង្រែ ដែលមានចម្ងាយពីកន្លែងកើតហេតុ ៥០០ម៉ែត្រប៉ុណ្ណោះ ពេលទៅដល់ បែរជាក្រុមគ្រូពេទ្យមិនហ៊ានទទួលទេ ព្រោះពួកគាត់មិនមែនជាសាច់ញាតិ ហើយក្រុមគ្រូពេទ្យមិនដឹងថា ដឹកជនរងគ្រោះមកពីណាទៀត ទើបនារីរងគ្រោះនៅមានស្មារតី អាចនិយាយបានក៏ប្រាប់ឲ្យកង់បីឥណ្ឌា ដឹកនាងទៅផ្ទះ នៅមុខមណ្ឌលសុខភាពចាក់អង្រែ ពេលទៅដល់ប្រាប់ក្រុមគ្រួសារនារីរងគ្រោះ បានដឹង ហើយដឹកតាមកង់បីឥណ្ឌាដដែលបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត្រវិញ ដើម្បីជួយសង្គ្រោះវិញ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត១១យប់ថ្ងៃទី១៣ ខែសីហា  ឆ្នាំ២០១៩ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ លើផ្លូវជាតិលេខ២  ភូមិទួលរកា ១ សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយមកកម្លាំងល្បាតមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម បានចុះមកដល់ហើយបានឆែកមើល ក្នុងម៉ូតូ  Scoopy មានមួកសុវត្ថិភាព១ , និងកាបូបមួយ  មានលុយដុលា្លរ២០ដុល្លារ  និងលុយខ្មែរជាង៥ម៉ឺនរៀល ,  ចំណែកទូរស័ព្ទដៃ iPhone 5 មួយគ្រឿងទៀត  ត្រូវបានអ្នកសារព័ត៌មាន  ជួយរកលេខទាក់ទងប្រាប់ក្រុមគ្រួសារដែរ  តែដោយសារតែទៅដល់ផ្ទះហើយ ក៏បានប្រគល់ជូនបងប្រុសរបស់នារីរងគ្រោះរក្សាទុកវិញដែរ ។ ចំណែកឯទូរស័ព្ទមួយគ្រឿងទៀត  ម៉ាក Iphone X ត្រូវ២នាក់ប្ដីប្រពន្ធ  អះអាងថា ស្គាល់ជនរងគ្រោះបានយកទៅរក្សាទុក ស្មានតែស្គាល់ ទាក់ទងទៅតាមសាច់ញាតិរបស់ជនរងគ្រោះមិនបានប្រគល់ឲ្យជនរងគ្រោះនោះទេ។  រីឯបុរសជនជាតិវៀតណាមរងរបួសមធ្យមនោះ  សុំទៅព្យបាលរបួសនៅគ្លីនិកចាក់អង្រែ តែពេលសមត្ថកិច្ចទៅសួររកអត្តសញ្ញាណ បែរជាមិនឃើញ។

ក្រោយមកសាច់ញាតិ នារីរងគ្រោះ បានទាក់ទងសួរសមត្ថកិច្ចរកទូរស័ព្ទ Iphone X តែសមត្ថកិច្ចថា ២នាក់ប្ដីប្រពន្ធនោះជាអ្នកយកទុក ហើយប្រាប់ថា ទុកទាក់ទងសាច់ញាតិ តែមិនដឹងថា មកបន្លំយកទៅបែបនេះសោះ។ សាច់ញាតិ ជនរងគ្រោះ ក៏ទាក់ទងសួរអ្នកសារព័ត៌មាន ដែលជួយទុកទូរស័ព្ទ Iphone5 ដែរ តែគាត់បានប្រគល់ជូនវិញរួចហើយ។ ទើបដឹងថា ២នាក់ប្ដីប្រពន្ធនោះ បន្លំយកទៅបាត់ហើ​យ ព្រោះមិនឃើញប្រគល់ទូរស័ព្ទអោយសាច់ញាតិ  ឬនារីរងគ្រោះវិញនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែក្រោម  សហការជាមួយសមត្ថកិច្ចជំនាញ ផ្នែកវាស់វែង ចុះមកធ្វើកាវាស់វែង និងយកម៉ូតូទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយ៕