មាស លក្ខិណា ត្រៀមដឹកដៃគូចម្រៀងទៅ​នាយសមុទ្រ តែសុំលាក់ទីតាំង!

14-08-2019 2:18pm

ភ្នំពេញៈ នៅពេលឆាប់ៗខាងមុខនេះ តារាចម្រៀងបែបនោសញ្ចេតនា មាស លក្ខិណា និងលោក អ៊ុង សុផល្លី ជាដៃគូចម្រៀងដ៏​លេចធ្លោនៅក្នុងចង្កោមសិល្បៈ នឹងរួមគ្នាកាន់វ៉ាលីអី​វ៉ាន់ដឹកដៃគ្នាហោះទៅច្រៀងនៅឯនាយសមុទ្រ តបតាម​ការស្នើរបស់ជនជាតិខ្មែរ រស់នៅក្រៅប្រទេស ចង់ជួបច្រើនដងមកហើយ។ អ្វីដែលប្លែក ដៃគូចម្រៀងបែបបទជំនាន់ដើមនេះ សុំលាក់ឈ្មោះប្រទេស ដើម្បីទុកជាការដាមដាន។

ដំណឹងលេចឮថា អ្នកនាង មាស លក្ខិណា និងលោក សុផល្លី ទៅក្រៅស្រុកត្រៀមបង្ហាញស្នាដៃសម្តែង និងសំឡេងដ៏ពិរោះបានធ្វើឲ្យមិត្តសិល្បករជាច្រើន ដែលបានស្គាល់អ្នកនាង និងដៃគូចូលរួមអបអរ ហើយគិតថា ពិតជាទទួលបានភាពជោគជ័យជាបន្តក្នុងជីវិតជាអ្នកសិល្បៈ។ រវាង មាស លក្ខិណា និងលោក អ៊ុង សុផល្លី គឺជាតារាចម្រៀង ដែលស្ទាត់ជំនាញបទចម្រៀងជំនាន់ដើមពេញទំហឹងរហូតល្បីដល់ក្រៅប្រទេស។ ជាពិសេសអ្នកនាង មាស លក្ខិណា ក៏មានទឹកដមសំឡេងស្រដៀងទៅនឹងលោកស្រី រស់ សេរីសុទ្ឋា រិតតែចង់ឲ្យគេតាមដានបន្ថែមឡើង។

អ្នកនាង មាស លក្ខិណា  ដែលមានឈ្មោះកំណើតថា កៃ ស៊ីន បានអះអាងថា ក្នុងពេលដ៏ខ្លី អ្នកនាង នឹងដកឃ្លាពីការងារមុខជំនួញលក់ត្រីងៀត និងមុខរបរបើកស្ទីធីយោទៅច្រៀងនៅក្រៅប្រទេស បន្ទាប់ពីមានបណ្ដាប្រទេសជាច្រើនដាក់សំណើអោយអ្នកនាងទទួលច្រៀង។ អ្នកនាងនឹងចេញទៅជាមួយដៃគូ គឺលោក អ៊ុង សុផល្លី ដោយគម្រោងចាកចេញ នឹងត្រូវលេចឡើងឆាប់ៗ ប៉ុន្តែអ្នកនាងសុំលាក់មិនទាន់បង្ហើបថា ចេញទៅកាន់ប្រទេសណាមុននៅឡើយទេ។ តាមគម្រោងអ្នកនាង និងលោក អ៊ុង សុផល្លី ត្រូវចេញទៅច្រៀងនៅក្រៅប្រទេសរួមគ្នា តាំងអំឡុងខែ៤ ដើមឆ្នាំម្លេះ ប៉ុន្តែមកពីការងារដកឃ្លាមិនរួច ស្របគ្នាដែលអ្នកនាង និងលោក អ៊ុង សុផល្លី ក៏​ជាប់ច្រៀងក្នុងពិធីធំៗ ជាពិសេសក្នុងកម្មវិធីទូរទស្សន៍ ហើយមុខរបរផ្ទាល់ខ្លួន ក៏មមាញឹកខ្លាំង ទើបសម្រេចចិត្តលើកពេល។ អ្នកនាងថា សប្បាតយចិត្ត ដែលអ្នកនាង និងដៃគូត្រូវបានគេគាំទ្រដោយសារតែប្រកាន់ជំហរបកស្រាយតែបទពីជំនាន់ដើម។

លោក អ៊ុ​ង សុផល្លី ក៏បានប្រកាសថា តាំងពីចាប់ដៃគូបកស្រាយបទចម្រៀងពីដើមៗជាមួយអ្នកនាង មាស លក្ខិណា ពិតជាមានទីផ្សារកំរើកខ្លាំង ដោយក្រៅពីឡើងត្រូវឡើងឆាក និងមានកម្មវិធីឡើងប៉ុស្តិ៍មិនសូវដាច់ ក៏មានអ្នកទាក់ទងអោយចេញច្រៀងក្រៅប្រទេសមិនតិចដែរ។

យ៉ាងណាមិញ លោកថា លុះត្រាតែការចេញច្រៀងត្រូវបានអញ្ជើញជាលក្ខណៈដៃគូ គឺជាមួយអ្នកនាង មាស លក្ខិណា ទើបលោកទទួលយក។ អ៊ីចឹងហើយ ទើបប្រទេសពីរបីត្រូវបានខកដោយសារសំណើខ្លះចំពេលលោកទៅបាន តែអ្នកនាង មាស លក្ខិណា ទៅមិនបាន ហើយខ្លះចំអ្នកនាង មាស លក្ខិណា ទៅបាន តែលោកជាប់ឡើងចុះទៅយកទំនិញអនឡាញ ដែលមិនអាចខកខាន។ លោកប្រកាសចេញទៅសម្ដែងនៅប្រទេសមួយក្នុងពេលខាងមុខ ដោយសុំលាក់ឈ្មោះប្រទេស ប៉ុន្តែរំពឹងថា នឹងជោគជ័យខ្លាំង៕