អភិ​បាលខេត្តកំពត ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ

14-08-2019 2:08pm

កំពតៈ លោក​ ជាវ តាយ អភិបាលខេត្តកំពត មានប្រសាសន៍ថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនរីករាលដាលឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ព្រោះវាមិនឆ្លងដល់មនុស្សទេ។ ម្យ៉ាងទៀត ការហូបសាច់ជ្រូកឡើងវិញ ដើម្បីលើកទឹកចិត្តដល់កសិករចិញ្ចឹមក្នុងស្រុក និងបងប្អូនអាជីវករលក់សាច់ជ្រូកផងដែរ។

ថ្លែងបែបនេះ លោកអភិបាលខេត្តលើកឡើង ក្នុងពិធីបរិភោគសាច់ជ្រូកនៅនៅរង្វង់មូលធូរេន ក្រោមប្រធានបទ «កម្មវិធីពិសាសាច់ជ្រូកសុវត្ថិភាពខេត្តកំពត» ដោយមានការចិញ្ជើញចូលរួមពី​ន្រ្តីជុំវិញខេត្ត និង​បងប្អូនប្រជាពលរដ្ឋ ព្រមទាំងក្រុមអាជីវករលក់សាច់ជ្រូកក្នុងផ្សារមួយចំនួន។

លោក ជាវ តាយ បានថ្លែងបន្ត​ថា បន្ទាប់ពីការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមក កម្ពុជាជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេស ក៏ដូចជា នៅក្នុងខេត្ត កំពត  ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារយកទៅបរិភោគ ដោយភ័យខ្លាចពីជំងឺមួយនេះ។

លោក​អភិបាលខេត្ត បានបន្ថែមថា ចំពោះសាច់ជ្រូក ដែលដាក់លក់នៅក្នុងទីផ្សារ សុទ្ធតែពិនិត្យត្រឹមត្រូវពីមន្ត្រីបសុពេទ្យខេត្តជាមុនសិន ទើបអនុញ្ញាតឲ្យនាំចេញមកលក់ទីផ្សារនានាបាន ដូចសូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំមានការព្រួយបារម្ភឲ្យសោះថា សាច់ជ្រូកដែលដាក់លក់ជាជ្រកមានជំងឺ ពោលមន្រ្តីពេទ្យសត្វបានពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុត។

នៅក្នុងឱកាសនោះ អភិបាល ខេត្តកំពត បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូក ពីក្រៅប្រទេសយកមកលក់នៅលើទីផ្សារកម្ពុជាយើងនោះទេ ជាពិសេសមន្ទីរកសិកកម្ម តាមរយៈការរិយាល័យបសុព្យាបាល ត្រូវធ្វើសកម្មភាពឲ្យបានខ្លាំក្លាបន្តទៀត ក្នុងការចុះបាញ់ថ្នាំសំលាប់មេរោគ នៅតាមផ្ទះបងប្អូនប្រជាពលរដ្ឋ ដែលចញ្ចឹមជ្រូកនិងកសិដ្ឋានចញ្ចឹមជ្រូកនៅក្នុងខេត្តកំពត៕