មន្ត្រីបក្ស ត្រូវចងចាំកត្តា៤យ៉ាង ដែលនាំឱ្យបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក

14-08-2019 1:59pm

ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីបក្សទាំងអស់ ត្រូវចងចាំកត្តា៤យ៉ាង ដែលនាំឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះរហូតមក នោះគឺកត្តាគោលនយោបាយ កត្តាមន្ត្រី កត្តាប្រជាពលរដ្ឋ និងកត្តាសាមគ្គីភាពឯកភាព។

លោក ប៉ា សុជាតិវង្ស បានបន្តថា កត្តានយោបាយ គឺគណបក្សប្រជាជនកម្ពុជា បានកំណត់នូវគោលនយោបាយត្រឹមត្រូវ ហើយអ្វីដែលយើងត្រូវបង្កទៀត គឺការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ទី២ កក្តាមន្ត្រី គឺមន្ត្រីរបស់យើងមានលក្ខណៈសម្បត្តិល្អ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើប្រជាពលរដ្ឋទី៣ កត្តាប្រជាជន គឺយើងមានគោលនយោបាយជួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋចូលរួម និងគាំទ្រជាមួយគណបក្សប្រជាជនកម្ពុជា លោកថា ធ្វើការងារអ្វីក៏ដោយ អោយតែមានប្រជាពលរដ្ឋចូលរួម ការងារនោះទោះធំប៉ុណ្ណាក៏សំរេចដែរ។ កត្តាទី៤ គឺសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដោយយើងបានសាម្គីភាពគ្នាល្អប្រសើរក្នុងជួរបក្ស រួមបញ្ចូលគ្នាធ្វើការជាមួយគ្នាជាមួយសមាជិកបក្សចាស់ៗ និងសមាជិកវ័យក្មេងៗ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងបែបនេះ ក្នុងឱកាស​ដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងសមាជិកភាពគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌកំបូល កាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល។

ក្នុងពិធីនោះ គឺត្រូវបានតែងតាំងលោក នៅ សារឿន ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល និងលោក ប្រាក់ សុផាត ជាអនុប្រធានប្រចាំការ ជាមួយនិងការតែងតាំងជាសមាជិក សមាជិកាចំនួនជាង២០នាក់ថែមទៀត។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ទៀតថា ការតែងតាំងប្រធាន អនុប្រធាន សមាជិកសមាជិការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលនេះ គឺដើម្បីបំពេញនូវបេសកកម្ម ដឹកនាំការងារគណបក្សក្នុងការពង្រឹងមូលដ្ឋានខណ្ឌសង្កាត់របស់យើងតទៅមុខទៀតអោយកាន់តែល្អប្រសើរឡើង។

លោក នៅ សារឿន ដែលត្រូវបានប្រកាសតែងតាំងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូលនេះ បានធ្វើការប្តេជ្ញាចិត្តថា នឹងចុះចលនាមហាជន ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ដឹកនាំនិងរំឭកសមាជិកសមាជិកាគណបក្សឲ្យអនុវត្តតួនាទីភារកិច្ចអនុវត្តតាមគោលនយោបាយគណបក្ស ឲ្យបានខ្ជាប់ខ្ជួន រក្សា សមិទ្ធផលនានារបស់គណបក្ស ។ចិត្តទុកដាក់ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យកាន់តែល្អប្រសើរ ។ អនុវត្តគោលនយោបាយភូមិ សង្កាត់ឲ្យមានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអនុវត្តផែនការ ដែលគណបក្សប្រជាជនកម្ពុជាដាក់ចុះ ឱ្យទទួលបានជោគជ័យ៕