លោក ជិន ប៊ុនស៊ាន ជំរុញឲ្យក្រុមការងារគ្រប់ថ្នាក់ យកចិត្តទុកដាក់បើកវេទិការសាធារណៈ ដើម្បីដោះស្រាយ​សំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន

14-08-2019 1:39pm

កំពតៈ ថ្លែក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តប្រចាំឆមាសទី២ ឆ្នាំ២០១៩  របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកែប កាលពីរសៀលថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៩ លោក​ ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តកែប បានណែនាំដល់ក្រុមការងារគ្រប់ថ្នាក់ ត្រូវបន្តការយកចិត្តទុកដាក់បើកវេទិការសាធារណៈ ដើម្បីបកស្រាយចម្ងល់ និងឆ្លើយតបទៅនឹងសំណូមពរចាំបាច់នានាក្នុងមូលដ្ឋាន ជាពិសេស គឺដើម្បីអនុវត្តន៍ គោលនយោបាយ ក្នុងការអភិវឌ្ឍភូមិ ឃុំ និងគោលនយោបាយជាតិ យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ របស់រាជរដ្ឋាភិបាល និងបានលើកនូវវិធានការដើម្បីដោះស្រាយសម្រាប់អនុវត្តន៍ឲ្យមានប្រសិទ្ធភាព ។

លោក​បញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ដោះស្រាយបញ្ហានានាដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។ ដូចនេះដើម្បីគាំទ្រ និងរួមចំណែក ជំរុញការអនុវត្តកម្មវិធីនយោបាយ, យុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំង និងកែសម្រួលសមាសភាពមួយចំនួន របស់ក្រុមការងារថ្នាក់ជាតិដើម្បីចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងឃុំសង្កាត់ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងខេត្តកែប។

ក្នុងឱកាសនោះ លោក​ទេសរដ្ឋមន្ត្រី ក៏បានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែល ក្រុមការងារសម្រេចបានក្នុងមួយឆមាសកន្លងមកនេះ ពិតជាលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងពីគ្រប់វិស័យទាំងអស់ លោក​ស្នើអោយ ក្រុមការងារថ្នាក់ជាតិ ក៏ដូចជា រដ្ឋបាលខេត្តត្រូវពង្រឹងបន្ថែមទៀត ទៅលើរបៀបរបបការងារ ការទំនាក់នង សាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិសេស ខិតខំកសាង សមត្ថភាពទាំង អង្គភាព ស្ថាប័ន និងមន្ត្រីបុគ្គល ដើម្បីសម្រេចឱ្យបាននូវបេសកកម្មចម្បងៗ របស់ខ្លួន ក្នុងការបំរើកិច្ចការសាធារណៈការផ្តល់សេវាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានផងដែរ៕