តារាហូលីវូដ Richard Gere ចុះសួរសុខទុក្ខជនអន្តោប្រវេសន៍ជាប់ខ្លួន នៅលើនាវា Open Arms

14-08-2019 8:50am

មេឌីទែរ៉ាណេៈ តារាហូលីវូដ Richard Gere របស់អាមេរិក បានទៅសួរសុខទុក្ខជនអន្តោប្រវេសន៍១២១នាក់ដែលបានជាប់ខ្លួនអស់រយៈពេល១សប្តាហ៍កន្លងមកនេះ នៅលើនាវាសង្រ្គោះ Open Arms ស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ ហើយលោកបានជំរុញឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប បង្ហាញសាមគ្គីភាព ក្នុងការស្វែងរកដំណោះស្រាយជួយដល់ជនអន្តោប្រវេសន៍ទាំងនេះ។

ពេលធ្វើដំណើរមកដល់នាវាចងបដា “អ្នកមិននៅឯកកោ” តារាហូលីវូដ វ័យ៦៩ឆ្នាំម្នាក់នេះ បាននាំគ្រឿងផ្គត់ផ្គង់ជាច្រើនដូចជាទឹក និងចំណីអាហារ មកកាន់នាវា Open Arms និងបាននិយាយទៅកាន់ជនអន្តោប្រវេសន៍ជាច្រើននាក់ ពីបទពិសោធន៍របស់ពួកគេ ពីការរត់ភៀសខ្លួនចេញពីប្រទេសលីប៊ី ដែលញាំញីដោយសារភ្លើងសង្រ្គាម។

លោក Gere បាននិយាយនៅក្នុងវីដេអូ ដែលបានបង្ហោះតាមអនឡាញថា រឿងដែលសំខាន់ជាងគេបំផុត សម្រាប់មនុស្សទាំងអស់នេះ នៅទីនេះ គឺអាចទៅដល់កំពង់ផែសេរី ដើម្បីចុះពីលើទូក ដើម្បីឡើងគោក និងចាប់ផ្តើមជីវិតថ្មី។ សូមមេត្តាគាំទ្រពួកយើងនៅទីនេះ នៅលើនាវា Open Arms ហើយនិងជួយដល់មនុស្សទាំងអស់នេះ ប្អូនប្រុស និងប្អូនស្រីរបស់ពួកយើង។

សូមបញ្ជាក់ថា ជនអន្តោប្រវេសន៍ទាំងនេះ ដែលរួមទាំងអនិតិជន៣២នាក់ ត្រូវបានគេជួយសង្រ្គោះ កាលពីថ្ងៃព្រសហ្បតិ៍សប្តាហ៍មុន ដោយក្រុមសប្បុរសធម៌មានមូលដ្ឋាននៅទីក្រុង Barcelonaប្រទេសអេស្ប៉ាញ ហើយបច្ចុប្បន្ន នាវាមួយគ្រឿងនេះ កំពុងរសាត់អណ្តែងនៅលើដែនសមុទ្រអន្តរជាតិ ជិតកោះ Lampedusa របស់ប្រទេសអ៊ីតាលី៕