អ៊ីរ៉ង់ អះអាងថា អង់គ្លេស អាចនឹងដោះលែងនាវាដឹកប្រេងរបស់ខ្លួន ក្នុងពេលដ៏ខ្លីខាងមុខនេះ

13-08-2019 4:25pm

អ៊ីរ៉ង់ៈ អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអង្គារនេះថា អង់គ្លេស អាចនឹងដោះលែងនាវាដឹកប្រេង Grace 1 របស់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រោយឯកសារត្រូវបានដោះដូរ ដែលនឹងជួយដល់ការដោះលែងនាវាដែលត្រូវបានរឹបអូសយកទៅ។

លោក ចាលីល អេស្លាមី គឺជាប្រធានអង្គការនាវាចរណ៍ និងកំពង់ផែអ៊ីរ៉ង់ បាននិយាយថា អង់គ្លេសចាប់អារម្មណ៍លើការដោះលែងនាវាដឹកប្រេងអ៊ីរ៉ង់ បន្ទាប់ពីការដោះដូរឯកសារ ហើយយើងសង្ឃឹមថា ការដោះលែងនាវាមួយគ្រឿងនេះ នឹងធ្វើឡើងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរឲ្យដឹងថា កងម៉ារីនភូមិន្ទអង់គ្លេស រឹបអូសយកនាវាដឹកប្រេងអ៊ីរ៉ង់ កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ នៅក្រៅតំបន់ឆ្នេរកោះ ហ្គីប្រាល់តា របស់អង់គ្លេស ស្ថិតនៅក្នុងសមុទ្រមេឌីទែរ៉ាណេ សង្ស័យថាបានបំពានលើទណ្ឌកម្មរបស់អឺរ៉ុប ដឹកប្រេងទៅកាន់ប្រទេសស៊ីរី ដែលអ៊ីរ៉ង់ បានធ្វើការច្រានចោលទាំងស្រុង។

លោកអេស្លាមី បាននិយាយថា នាវាដឹកប្រេងមួយគ្រឿងនេះ ត្រូវបានរឹបអូសដោយផ្អែកលើការចោទប្រកាន់ខុស វានៅមិនទាន់ត្រូវបានដោះលែងនោះទេ។

រយៈពេល២សប្តាហ៍ ក្រោយពេលរឹបអូសនាវាដឹកប្រេងអ៊ីរ៉ង់មួយគ្រឿងនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានរឹបអូសយកនាវាដឹកប្រេងអង់គ្លេស Stena Impero នៅជិតច្រកសមុទ្រហ័រមូស ដោយពួកគេបានចោទប្រកាន់ថា បានបំពានលើច្បាប់នាវាចរណ៍ តែអង់គ្លេស ចាត់ទុកទង្វើរបែបនេះ ថាជាការសងសឹកវិញ៕