ក្បួនរថពាសដែកទាហានប៉ារ៉ាចិន ធ្វើដំណើរមកទីក្រុងសេនជិន ស្របពេលភាពវឹកវរនៅហុងកុង

13-08-2019 3:18pm

ហុងកុងៈ ក្បួនរថពាសដែកទ្រង់ទ្រាយធំ ដែលរួមទាំងរថយន្តយោធា និងរថយន្តផ្សេងទៀត របស់ទាហានប៉ារ៉ាចិន ឬហៅថា ក្រុមនគរបាលប្រដាប់អាវុធប្រជាមានិត (PAP) បានជួបជុំគ្នានៅក្នុងទីក្រុងសេនជិន។

ក្បួនរថពាសដែកនេះ ស្ថិតនៅចម្ងាយតិចជាង២០ម៉ៃល៍ប៉ុណ្ណោះ ភាគពាយព្យទីក្រុងហុងកុង ជាកន្លែងដែលមហាបាតុកម្មកំពុងបន្តកើតឡើង ប្រឆាំងនឹងក្រុមអាជ្ញាធរ នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តមួយនេះអស់រយៈពេលជាង២ខែមកហើយ។

ក្រុមអាជ្ញាធរចិន បាននិយាយថា ការដាក់ពង្រាយនេះគ្រាន់តែជាផ្នែកមួយនេះការធ្វើសមយុទ្ធយោធាតាមការគ្រោងទុកប៉ុណ្ណោះ ប៉ុន្តែវាបានកើតមានឡើង ក្រោយពេលក្រុមមន្រ្តីនៅចិនដីគោក បាននិយាយថា បាតុកម្មនេះ បង្ហាញពី “ពន្លកនៃអំពើភេរវកម្ម” ដែលអាចនាំឲ្យមានការគំរាមកំហែងពីការចាត់វិធានការបោសសំអាតជិតកើតមានឡើង។

រូបភាព និងវីដេអូគ្លីបជាច្រើននៅតាមសង្គមព័ត៌មាន ឃើញរថពាសដែក និងរថយន្តទាហានប៉ារ៉ាចិន បូករួមទាំងរថយន្តដឹកគ្រឿងចក្រ និងសម្ភារសំណង់ជាច្រើនទៀត ដែល សំខាន់ក្នុងការបោសសំអាតបារ៉ាស់នោះ កំពុងជួបជុំគ្នានៅឯមជ្ឈមណ្ឌល Shenzhen Bay Sports កាលពីថ្ងៃទី១២ ខែសីហា ម្សិលមិញ។

កាសែត People's Daily ដែលជាកាសែតផ្លូវការរបស់គណៈកម្មាធិការកណ្តាលបក្សកុំម្មុយនិស្តចិន និងកាសែត Global Times បានចុះផ្សាយវីដេអូផ្លូវការនៃក្បូនរថពាសដែកនេះ នៅថ្ងៃតែមួយ ដោយពួកគេរៀបរាប់ថា វាជាការត្រៀមខ្លួនសម្រាប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។

ដោយឡែក កាសែទ South China Morning Postដែលជាកាសែតឯករាជ្យមានមូលដ្ឋាននៅទីក្រុងហុងកុង បានព្យាយាមធ្វើបទសម្ភាសន៍ជាមួយនិងទាហានឆ័ត្រយោងទាំងនេះ ប៉ុន្តែពួកគេគ្រវីក្បាល និងមិនបាននិយាយអ្វីទាល់តែសោះ ពេលសុំបញ្ជាក់ថាតើពួកគេពិតជាមកទីនេះ ដើម្បីគ្រាន់តែធ្វើសមយុទ្ធយោធានោះ៕