រថយន្តលេខ១០៧ របស់កម្ពុជា អាក់ខានមិនបានចូលរួមប្រកួតថ្ងៃទី២ នៃព្រឹត្តិការណ៍ Asia Cross Country Rally ២០១៩

13-08-2019 2:24pm

ភ្នំពេញៈ គួរអោយសោកស្តាយខ្លាំងណាស់ ការប្រណាំងថ្ងៃទី២ នៃព្រឹត្តិការណ៍ Asia Cross Country Rally  ២០១៩ ដែលកំពុងតែបន្តការប្រកួតនៅក្នុងទឹកដីថៃ ដោយប្រណាំងលើចម្ងាយ​ផ្លូវជាង៤០០គីឡូម៉ែត្រ ពីខេត្តកំផែងពេជ្រ ឆ្ពោះទៅ ខេត្តមេស៊ុតនោះ រថយន្តរបស់កម្ពុជាមួយគ្រឿងក្នុងចំណោម២គ្រឿង គឺរថយន្តលេខ១០៧ ដែលបើកបរដោយលោក ហូ សិទ្ធីគុណ និង ជំនួយការ២រូប អ្នកស្រី សេង សុជាតា និង លោក ពៅ តិចឡុង ត្រូវបានអវត្តមានអកខានមិនបានចូលរួមប្រកួតឡើយ ក្រោយពីរថយន្តរង់ការខូចខាតជួសជុលមិនទាន់។

តាមតាមការអះអាងរបស់ លោក ជីវ័ន្ត បូរិន ប្រធានក្រុមការងារបច្ចេកទេស Kara កម្ពុជា ប្រាប់ពីប្រទេសថៃ ថា មូលហេតុដែលធ្វើអោយរថយន្តលេខ១០៧មិនអាចបន្តការប្រកួតថ្ងៃទី២បាន គឺ ដោយសាតែស្ថានភាពផ្លូបប្រណាំងកាលពីថ្ងៃទី១ ផ្លូវមានចំងាយឆ្ងាយរហូតជាង៦០០គីឡូម៉ែត្រ និងលំបាកខ្លាំងបានធ្វើរថយន្តរងការខូចខាតច្រើនធ្វើអោយការជួសជុលត្រូវចំណាយពេលយូទើបត្រូវអកខានបែបនេះ។

ប្រធានក្រុមបច្ចេកទេសរូបនេះ ជឿជាកថា ថ្ងៃប្រណាំងទី៣ស្អែកនេះ ក្រុមកម្ពុជានឹងទទួលបានលទ្ធផលល្អ សម្រាប់ព្រឹត្តការណ៍កម្រិតអាស៊ីមួយនេះ ជាពិសេសនៅជុំបន្តៗទៀត  ដោយក្រុមការងារបានព្យាយាមជួសជុលពេញមួយយប់យ៉ាងយកចិត្តទុកដាក់  ហើយយប់នេះក្រុមការងារបន្តត្រួតពិនិត្យឡើងវិញ ដើម្បីធានាថាថ្ងៃស្អែកនឹងស្អែករកចំណាត់ថ្នាក់មួយដ៏ល្អវិញ។

ដោយឡែកក្រុមរថយន្តមួយគ្រឿងទៀតដែលបើកបរដោយ លោក សោម សុកុសល និង លោក វង្ស គីមហួត ដែលបានបន្តចូលរួមប្រណាំងថ្ងៃទី២ បានបញ្ជាក់ថា ការប្រណាំងនៅថ្ងៃនេះមានចម្ងាយផ្លូវ៤០០គីឡូម៉ែត្រ ពីខេត្ត កំផែងពេជ្រ ឆ្ពោះទៅ ខេត្ត មេស៊ុតផ្លូវប្រណាំង គឺមានឧបសគ្គច្រើន និងស្មុកស្មាញបំផុត ដូចជាផ្លូវចង្អៀត ផ្លូវបាក់ដី មានថ្ម គ្រួស និងព្រៃធ្វើអោយការបើកបរត្រូវបានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែយើងនៅតែធ្វើបានល្អ មិនមានបញ្ហាខូចរថយន្តទេ ថែមទាំងប្រជែងវ៉ាបានរថយន្ត២ទៅ៣គ្រឿងកំពុងប្រណាំងជាមួយយើងផងដែរ។

ជាមួយគ្នានេះ កីឡាករទាំង២ បានបន្ថែមថា ក្រុមការងារបានធ្វើការត្រួតពិនិត្យបច្ចេកទេសខ្លះ និងមានផ្លាស់ប្តូរគ្រឿងមួយចំនួន ដើម្បីបញ្ជៀសបញ្ហាកើតឡើង នៅថ្ងៃស្អែក ។ ចំពោះលទ្ធផលថ្ងៃទី២ រថយន្តលេខ១១៥ ទទួលបានចំណាត់ថ្នាក់រួមលេខ២១ រីឯ Class សាំងលេខ៧ ។

សូមបញ្ជាក់ថា ព្រឹត្តការណ៍ Asia Cross Country Rally  ២០១៩ នឹងប្រណាំងលើចម្ងាយផ្លូវជាង២,២០០ គីឡូម៉ែត្រដោយ ឆ្លងកាត់២ប្រទេស គឺចេញដំណើរពីទីក្រុងប៉ាត់តាយ៉ា ប្រទេសថៃ ហើយបញ្ចប់នៅទីក្រុងណៃពីដរ ប្រទេសមីយ៉ាន់ម៉ា ដែលមានរថយន្តប្រណាំងជាង៣០គ្រឿង ៕