យុវជនពហុជំនាញកីឡា ឃួន បណ្ឌិតបុត្រា បង្ហាញភាពលេចធ្លោលើឆាកអន្តរជាតិ ប្រជែង​បាន​​ចំណាត់ថ្នាក់ល្អ ក្នុងព្រឹត្តិការណ៍ជួបជុំអ្នកប្រណាំងម៉ូតូនៅថៃ

13-08-2019 2:04pm

ភ្នំពេញៈ កីឡាករប្រណាំងម៉ូតូវ័យ១៤ឆ្នាំ របស់កម្ពុជា ឃួន បណ្ឌិតបុត្រា បានបង្ហាញភាពលិចធ្លោធ្វើឲ្យកីឡាករប្រណាំងម៉ូតូអន្តរជាតិស្ងើចសសើរពីសមត្ថភាពបញ្ជាម៉ូតូប្រណាំង ដោយទេពកោសល្យខ្ពស់ និងមានលទ្ធភាពប្រជែងបានចំណាត់ថ្នាក់ ក្នុងចំណោម៤វិញ្ញាសា ចូលរួមប្រណាំងក្នុងព្រឹត្តិការណ៍ជួបជុំអ្នកប្រណាំងម៉ូតូដែលធ្វើឡើងនៅស្រុកកាប៉ីនបូរី ខេត្តស្រះកែវ ប្រទេសថៃ កាលពីចុងសប្តាហ៍កន្លងទៅ។

លោក ឃួន ពិសុត ឪពុក ឃួន បណ្ឌិតបុត្រា ដែលជាអ្នកដឹកនាំចូលរួមប្រណាំងបានបញ្ជាក់ថា ព្រឹត្តិការណ៍ជួបជុំអ្នកប្រណាំងម៉ូតូប្រភេទ អ៊ីនយូរ៉ូក្រូស ដែលរៀបចំដោយប្រទេសថៃនេះ គឺជាការជួបជុំអ្នកប្រណាំងម៉ូតូប្រចាំឆ្នាំមានកីឡាករមកពីគ្រប់ជាតិសាសន៍មកចូលរួមប្រណាំង។ លោកថា ការប្រកួតនេះ បានរៀបចំឡើងដើម្បីបង្កើតចំណងមិត្តភាព សាមគ្គីភាពរបស់គ្រួសារប្រណាំងម៉ូ។

លោក អះអាងថា ព្រឹត្តិការណ៍នេះ ធ្វើឡើងតែរយៈពេល១ថ្ងៃ គឺការប្រកួតមានរហូតដល់ទៅ៧វិញ្ញាសារប្រកួតឯណោះ ហើយ សម្រាប់ ឃួន បណ្ឌិតបុត្រាបានចូលរួមប្រកួតចំនួន៤វិញ្ញាសា ដោយដណ្តើមបានចំណាត់ថ្នាក់ លេខ១ .លេខ២ .លេខ៤និង លេខ៧ ។

ឪពុករូបនេះ បញ្ជាក់ទៀតថា ការប្រជែងបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍នេះ គឺ ឃួន បណ្ឌិតត្រូវបានគណៈកម្មាការ និងកីឡាករអន្តរជាតិដែលធ្វើការប្រកួតជែងជាមួយស្ងើចសសើរចំពោះសមត្ថភាព និងទេព្យកោសលរបស់គេយ៉ាងខ្លាំង។

លោក បន្ថែមទៀតថា ថ្វីត្បិតកម្មវិធីប្រណាំងនេះជាកម្មវិធីប្រណាំងពុំសូវធំដូចព្រឹត្តិការណ៍មួយចំនួនទៀតក្តី ប៉ុបន្តែការប្រកួតនេះក៍មានការចូលរួមកីឡាករជើងឯកប្រណាំងឆ្នាំ២០១៧របស់ថៃ និងកីឡាករអន្តរជាតិខ្លាំងជាច្រើនរូបផងដែរ។

លោក បានចាត់ទុកលទ្ធផលល្អដែលដណ្តើមបានពីការប្រណាំងប្រជែងនេះ ជាការជម្រុញលើកទឹកអោយកូនប្រុសខ្លួនអោយបន្តខិតខំបន្ថែមទៀត ហើយ លោក ជឿជាក់ថា នៅពេលខាងមុខ កីឡាករឃួន បណ្ឌិតបុត្រា នឹងក្លាយជាកីឡាករប្រណាំងម៉ូតូល្បីឈ្មោះនៅលើឆាកអន្តរជាតិនាំមកនូវមោទនភាពជូនកម្ពុជា។

សូមបញ្ជាក់ថា កីឡាករពហុកជំនាញកីឡា បច្ចុប្បន្នគេជាកីឡាករជម្រើសជាតិថ្នាល់របស់សហព័ន្ធកីឡាទោចក្រយានកម្ពុជាលើប្រភេទកង់ភ្នំដែលកំពុងជាប់ភារកិច្ចហ្វឹកហាត់នៅក្នុងជំរុំប្រមូលផ្តុំរបស់ក្រសួងអប់រំយុវជន និងកីឡា ដើម្បីសម្រួចសមត្ថភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣ក្នុងនាមជាកីឡាករម្ចាស់ផ្ទះ៕