សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា សម្លឹងឃើញយុវជនឆ្នើមប្រមាណ៤រូប ត្រៀមធ្វើតេស្ត​ចូលជម្រើសជាតិថ្នាល

13-08-2019 11:49am

ភ្នំពេញៈ អគ្គលេខារង សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជាបញ្ជាក់ថាសហព័ន្ធ សម្លឹងឃើញយុវជនឆ្នើមប្រមាណ៤រូប ពីការប្រកួតកីឡាប៉ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ត្រៀមយកមកធ្វើតេស្តចូលជម្រើសជាតិថ្នាល។

អគ្គលេខាធិការរង សហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា សូ ម៉ៃសុខគា ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ការប្រកួតកីឡាប៉ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩ កាលពីចុងសប្តាហ៍ថា ការប្រកួតកីឡាប៉ូល និងប៉េតង់ជ្រើសរើសជើងថ្នាក់ជាតិឯកឆ្នាំនេះ កីឡាកកីឡាការិនីចូលរួមប្រកួតមានចំនួនកើនឡើងច្រើនទ្វេដងរហូតដល់៣៨៣នាក់ ខណៈឆ្នាំ២០១៨កន្លងទៅ គឺមានអ្នកចូលរួមតែ១៩៦នាក់ប៉ុណ្ណោះ ។ លោក អះអាងថា ការកើនឡើងចំនួនអ្នកចូលរួមក្នុងការប្រកួតច្រើនបែបនេះ ក៏ព្រោះពួកគេបានយល់ដឹងច្រើនអំពីកីឡាប៉េតង់។

អគ្គលេខាធិការរងរូបនេះ បញ្ជាក់ទៀតថា ជើងឯកថ្នាក់ជាតិឆ្នាំ២០១៩នេះ លោក សង្កេតឃើញថា កីឡាករការិនីចូលរួមប្រកួតសុទ្ធសឹងជាយុវជនដែលមានសមត្ថភាពបច្ចេកទេសលេងខ្ពស់ធ្វើអោយការប្រកួតប្រជែងកាន់តែមានគុណភាព និងធ្វើអោយសហព័ន្ធកាន់តែមានជម្រើសច្រើនដើម្បីចំយកតែកីឡាករការិនីល្អៗមកបញ្ជូលជាក្រុមជ្រើសជាតិហ្វឹកហាត់បំប៉នត្រៀមការប្រកួតលើឆាកអន្តជាតិ។

អគ្គលេខាធិការរងរូបនេះបានពន្យល់ទៀតថា ឆ្លងកាត់ការប្រកួតប្រជែងរយៈពេល៣ថ្ងមកនេះ សម្រាប់យុវជនថ្នាលដែលមកចូលរួមប្រកួតយើងសម្លឹងឃើញយុជនឆ្នើមប្រមាណជា៤រូបដែលគ្រោងកោះហៅមកធ្វើតេចូលរួមក្នុងក្រុមជម្រើសរើសជាតិថ្នាលរបស់សហព័ន្ធ ហើយ យុវជនទាំងនោះ គឺជាយុវជន ខេត្តកំពត  និង ខេត្ត កំពង់ធំ។

លោក​ ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា បានមាន ប្រសាសន៍ដថា កីឡាប៉ូល និងប៉េតង់គឺជាប្រភេទកីឡាមានសក្កដានុពលខ្ពស់ ដោយកម្ពុជា  បានដណ្តើម នូវមេដាយពិភពលោកជាបន្តបន្ទាប់ ដែលនេះជាមោទនៈភាព មិនអាចកាត់ថ្លៃ បានរបស់កម្ពុជា។ ជាមួយគ្នានេះប្រទេសកម្ពុជាយើង បានឈរលំដាប់ថ្នាក់ពិភពលោកលើ ប្រភេទកីឡានេះបើគិតត្រឹមឆ្នាំ២០១៩យើងទទួលបាន មេដាយ២៦៨គ្រឿងក្នុងនោះ មេដាយមាស៧២គ្រឿង ប្រាក់៩៣គ្រឿង និងសំរិទ្ធ១០៣គ្រឿង។

លោក​ បានបន្ថែមទៀតថា សមិទ្ធផលទំាងអស់នេះបានមកពីការចូលរួម និងការខិតខំប្រឹងប្រែងពីសំណាក់ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងក្លិបនីមួយៗ ដែលបាន យកចិត្តទុកដាក់ហ្វឹកហាត់ គោរពបទបញ្ជាបច្ចេកទេស រក្សានូវវិន័យ និងសិក្សាយុទ្ធសាស្រ្ត នានា ដើម្បីត្រៀមខ្លួន ស្វាគមន៍ ព្រឹត្តិការណ៍ការប្រកួត កីឡាប៉េតង់ជ្រើសរើសជើងឯក ពិភពលោកយុវជន និងនារី ព្រមទាំង ការប្រកួតកីឡាSEA GAMES ២០២៣ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៩មានក្លិបចូលរួមចំនួន៣៧ក្លិប សរុបកីឡាករការិនីចំនួន៣៨៣នាក់ ចែកចេញជា៥វិញ្ញាសាប្រកួត៕