អាមេរិក ចេញបទបញ្ជាច្រានចោលភាពជាពលរដ្ឋដល់ជនអន្តោប្រវេសន៍ ដែលប្រើអត្ថប្រយោជន៍សាធារណៈ

13-08-2019 9:59am

អាមេរិកៈ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចេញនូវបទបញ្ជាដ៏ទូលំទូលាយ ដែលនឹងកំណត់ការអន្តោប្រវេសន៍ស្របច្បាប់ពីការមិនទទួលបានទិដ្ឋាការ និងការស្នាក់នៅអចិន្រ្តៃយ៍ ចំពោះមនុស្សរាប់ម៉ឺននាក់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពក្រីក្រខ្លាំងបំផុត។

បទបញ្ជាថ្មីនេះដែជំរុញឡើងដោយជំនួយការឈានមុខម្នាក់របស់លោកត្រាំ ស្តីពីការធ្វើអន្តោប្រវេសន៍ គឺ លោក ស្តេហ្វិន មីលឺ នឹងចូលជាសុពលភាពនៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ ហើយវានឹងច្រានចោលការដាក់ពាក្យសុំទិដ្ឋាការបណ្តោះអាសន្ន ឬអចិន្រ្តៃយ៍ សម្រាប់ការមិនឈានដល់ស្តង់ដាប្រាក់ចំណូល ឬសម្រាប់ការទទួលបានជំនួយសាធារណៈ ដូចជាសុខមាលភាព ជំនួយស្បៀងអាហារ លំនៅដ្ឋានសាធារណៈ ឬជំនួយសុខាភិបាល។

ភ្លាមៗក្រោយពេលដែលបទបញ្ជានេះ ត្រូវបានគេប្រកាសឲ្យដឹង មន្ទីរច្បាប់អន្តោប្រវេសន៍ជាតិ(NILC) បាននិយាយថា ពួកគេនឹងដាក់ពាក្យបណ្តឹងដើម្បីបញ្ឈប់វាពីការចូលជាសុពលភាព។

ប្រធានប្រតិបត្តិមន្ទីរ NILC បាននិយាយថា បទបញ្ជានេះ ផ្តើមចេញពីការប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ។

ការសើររើច្បាប់មួយនេះដែរ គ្រាន់តែជាផ្នែកមួយនៃកិច្ចខិតខំរបស់លោកត្រាំ ក្នុងការទប់ស្កាត់អន្តោប្រវេសន៍ស្របច្បាប់ និងខុសច្បាប់ប៉ុណ្ណោះ គឺជាបញ្ហាមួយដែលលោកបានលើកឡើងអំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតរបស់លោក៕