ថ្នាំពេទ្យព្យាបាលជំងឺអេបូឡា បង្ហាញអត្រារស់រាន៩០ភាគរយ នៅការសាកល្បង

13-08-2019 9:28am

កុងហ្គោៈ ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងថា ក្នុងពេលដ៏ខ្លីខាងមុខនេះ ជំងឺអេបូឡា នឹងក្លាយជាជំងឺដែលអាចការពារបាន និងអាចព្យាបាលបាន ក្រោយការសាកល្បងថ្នាំពេទ្យ២ប្រភេទ បង្ហាញឲ្យឃើញពីអត្រារស់រានល្អប្រសើរជាងមុនរួចមកនោះ។

ថ្នាំពេទ្យ៤ប្រភេទ ត្រូវបានសាកល្បងលើអ្នកជំងឺនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជាកន្លែងដែលការរីករាលដាលទ្រង់ទ្រាយធំនៃវីរុសអេបូឡា។

ការសិក្សាបានរកឃើញថា ថ្នាំពេទ្យ២ប្រភេទក្នុងចំណោម៤ប្រភេទនោះ ឈ្មោះ REGN-EB3 និង mAb114មានប្រសិទ្ធិភាពខ្លាំងជាងគេក្នុងការព្យាបាលជំងឺមួយនេះ។

យោងតាមក្រុមមន្រ្តីសុខាភិបាល បានឲ្យដឹងថា បច្ចុប្បន្ន ថ្នាំពេទ្យ២ប្រភេទនេះ ត្រូវបានប្រើប្រាស់ដើម្បីព្យាបាលជំងឺអេបូឡា នៅកុងហ្គោ។

វិទ្យាស្ថានជាតិជំងឺឆ្លង និងអាលែហ្ស៊ី (NIAID)របស់សហរដ្ឋអាមេរិក ដែលគាំទ្រការសាកល្បងនេះ បាននិយាយថា លទ្ធផលនេះ ពិតជាព័ត៌មានល្អខ្លាំងណាស់សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា។

ថ្នាំពេទ្យនេះ មានប្រសិទ្ធិភាពក្នុងការវាយប្រហារវីរុសអេបូឡាជាមួយនឹងអង្គបដិប្រាណ បន្សាបផលប៉ះពាល់របស់វាមកលើកោសិកាមនុស្ស។

ពួកគេបានអភិវឌ្ឍន៍ការប្រើប្រាស់អង្គបដិប្រាណ បានមកពីអ្នករស់រានពីជំងឺអេបូឡា ដែលបានសម្លាប់មនុស្សជាង១.៨០០នាក់នៅកុងហ្គោ កាលពីឆ្នាំកន្លងទៅ។

ដោយឡែក ថ្នាំពេទ្យ២ប្រភេទទៀត ឈ្មោះ ZMapp និង Remdesivir ត្រូវបានគេដកចេញពីការសាកល្បងហើយ ដោយសារពួកគេរកឃើញថា វាមានប្រសិទ្ធិភាពតិចខ្លាំងពេក៕