ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមបញ្ឈប់ភ្លើងឆេះព្រៃ នៅប្រទេសក្រិក

13-08-2019 9:15am

ក្រិកៈ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំ ដែលបានរីករាលដាលយ៉ាងឆាប់រហ័សកាលពីយប់មិញ នៅតំបន់ជាយក្រុងភាគខាងកើតរដ្ឋធានីអាតែន ប្រទេសក្រិក ទំនងជាអាចគ្រប់គ្រងបានវិញហើយនៅថ្ងៃចន្ទនេះ។

ភ្លើងឆេះព្រៃនេះ ឆាបឆេះនៅតាមជម្រាលភ្នំ ហ៊ីមេទូស ដែលបានរីករាលដល់ខ្លំាងដល់តំបន់ជាយក្រង ភីនៀ ។

មុខកាត់នៃភ្លើងឆេះព្រៃនេះ កាន់តែរីកធំឡើង ដែលអ្នករស់នៅទីក្រុងអាតែន ក៏អាចមើលឃើញផងដែរកាលពីព្រឹកថ្ងៃចន្ទ។

រថយន្តពន្លត់អគ្គីភ័យ ត្រូវបានបញ្ជូនទៅកាន់តាមផ្លូវរហូតដល់កំពូលភ្នំ ដើម្បីពន្លត់ភ្លើង។

សូមបញ្ជាក់ថា ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ១៤១នាក់ និងរថយន្តពន្លត់ភ្លើង៤៦គ្រឿង ត្រូវបានដាក់ពង្រាយដើម្បីពន្លត់ភ្លើងនេះ ហើយឧទ្ធម្ភាគចក្រ៨គ្រឿងទៀត បានចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនេះដែរ ក្រោយពីរលកកម្តៅបានវាយប្រហារមកលើតំបន់មួយចំនួននៅអឺរ៉ុប៕