Serena Williams ស្រក់ទឹកភ្នែក ពេលបោះបង់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ WTA Toronto ដោយសារបញ្ហារបួសខ្នង

13-08-2019 8:58am

វាយតឺន្នីសៈ កីឡាការិនីអាមេរិក  Serena Williams បានទប់ទឹកភ្នែករបស់ខ្លួនឯងមិនបានឡើយ ពេលមើលឃើញការត្រៀមខ្លួនរបស់នាង សម្រាប់ការប្រកួត US Open បញ្ចប់ទៅដោយខកចិត្តបែបនេះ កាលពីថ្ងៃអាទិត្យ ពេលដែលបញ្ហាញាក់សាច់ដុំខ្នង បានបង្ខំឲ្យនាងដកខ្លួនចេញពីវគ្គផ្តាច់ព្រ័ត្រ WTA Toronto ក្រោយលេងបាន៤ប្រកួតប៉ុណ្ណោះ ដើម្បីផ្តល់ជើងឯកមួយនេះ ដល់កីឡាករវ័យក្មេងកាណាដា Bianca Andreescu ។

កីឡាការិនី Andreescu វ័យ១៩ឆ្នាំ បានធ្វើការនាំមុខមុន 3-1 ពេលដែលកីឡាការិនី Williams ដែលជាជើងឯក Grand Slam២៣ជំនាន់ យល់ឃើញថា នាងមិនអាចបន្តការប្រកួតទៀតបាន។

កីឡាការិនី Williams បានហៅគ្រូពេទ្យឲ្យមកពិនិត្យស្ថានភាពបញ្ហាខ្នងរបស់នាង ប៉ុន្តែត្រឹមរយៈពេល១នាទីប៉ុណ្ណោះ ត្រូវបានអាជ្ញាកណ្តាលគ្រប់គ្រងការប្រកួត បានប្រកាសថា នាងឈប់ពីការប្រកួតហើយ។

កីឡាការិនី Andreescu បានដើរសំដៅទៅកាន់កៅអីរបស់នាង Williamsដើម្បីនិយាយលួងលោមលើកទឹកចិត្តដល់នាង និងបានឱបនាង ពេលដែលនាង Williams ព្យាយាមទប់ទឹកភ្នែក។

នាង  Williams បាននិយាយថា នាងដឹងច្បាស់ថា នាងមិនអាចបន្តការប្រកួតបានទៀតទេ។ នាងបន្តថា នាងបានទទួលការព្យាបាលមុនការប្រកួតមួយនេះ ដើម្បីទប់ទល់នឹងបញ្ហាញាក់សាច់ដុំខ្នង ដែលនាងមានអារម្មណ៍ថាឈឺអំឡុងជ័យជំនះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍៕