ក្រុមការងារ FTV Entertainment ក្រៅពីផ្តោតលើវិស័យចម្រៀង ក៏គិតគូរលើមនុស្សធម៌

12-08-2019 2:52pm

ភ្នំពេញៈ កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមសប្បុរសធម៌ FTV និងសិល្បករជាច្រើន បានចុះចែកអំណោយ និងសំណេះសំណាលជាមួយកុមារៗ និងលោកគ្រូអ្នកគ្រូ នៅមណ្ឌលកុមារកំព្រាព្រៃជុំ ដែលស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧត្តុង ខេត្តកំពង់ស្ពឺ។ នៅក្នុងសកម្មភាពសប្បុរសធម៌នោះ ក៏មានការចែករំលែកបទពិសោធន៍ជីវិត និងផ្ដល់កម្លាំងចិត្តពីសំណាក់សិល្បករមួយចំនួនបន្ថែមពីលើការច្រៀងរាំ និងប្រគល់អំណោយជូនផងដែរ។

លោក ឃិន ចិន្តា ហៅរ៉េម ប្រធានសប្បុរសធម៌ បានអះអាងជំនួយសប្បុរសធម៌ដែលបានប្រគល់ជូន រួមមាន អង្ករ ថវិកា និងសម្ភារៈសិក្សាមួយចំនួន គឺជាទឹកចិត្តរបស់អគ្គនាយក FTV Entertainment និង ក្រុមការងារ ដែលជាសិស្សទទួលការបណ្ដុះបណ្ដាលជំនាញសិល្បះពីតារាជើងចាស់ អ្នកនាង ស្វែង សុជាតា។ លោកថា មណ្ឌលកុមារកំព្រាព្រៃជុំ មានកុមារកំព្រាសរុបចំនួន៤៥នាក់ និងមាន លោកគ្រូ អ្នកគ្រូចំនួន៩នាក់ កំពុងត្រូវការ ការចូលរួមឧបត្ថម្ភ គាំពារ។ នៅក្នុងពិធីនោះ ក្រុមសប្បុរសធម៌របស់ FTV Entertainment ក៏បានគៀគរសមាជិកសមាជិការបស់គ្រួសារតារាកម្ពុជា អោយចូលរួមបរិច្ចាគជំនួយជាកាតាប អង្ករ សៀវភៅ ប៑ិច នំចំណី ទឹកដោះគោ ភេសជ្ជៈ និង ថវិកាជូនដល់លោកគ្រូអ្នកគ្រូ និងកុមារៗ បន្ថែមពីលើជំនួយរបស់ក្រុម FTV Enterteainment ផងដែរ។

សូមបញ្ជាក់ថា FTV Entertainment ត្រូវបានបង្កើតឡើងដោយមានជំនួយពីសមាគមអប់រំនៅបរទេស។ FTV Entertainment បានបម្រើអារម្មណ៍ប្រជាជនកម្ពុជាលើផ្នែកសិល្បៈកម្សាន្ត និង ការអប់រំដ៏សម្បូរបែបដោយបានធ្វើការរៀបចំផលិតវីដេអូកម្សាន្តល្អៗជាច្រើន៕