ហួន សំអុល មានយីអ៊ុន ត្រូវអ្នកនាង​ ចន ច័ន្ទលក្ខិណា ជ្រើសជាតារាចម្រៀងប្រចាំផលិតកម្ម

12-08-2019 2:25pm

ភ្នំពេញៈ មានការភ្ញាក់ផ្អើលតែម្តង ដែលអតីតបេក្ខជនប្រឡងចម្រៀង The Melody របស់ទូរទស្សន៍បាយ័ន លោក ហួន សំអុល ស្រាប់តែត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា និងក្រុមការងារគោលជាច្រើនជ្រើសរើសជាតារាចម្រៀងប្រចាំផលិតកម្ម។ នេះប្រហែលជាលោកមានសំឡេងល្អ បើមិនដូចនេះមិនមែនអ្នកឆ្អិនខាងជំនាញសិល្បៈមើលឃើញឡើយ។

លោក ហួន សំអុល ជាបេក្ខជនឆ្លងកាត់ការប្រឡងធំៗច្រើនដូចជា ឌឹវ៉យ និងនៅបាយ័នដែលបរាជ័យច្រើនដង លោកមិនដែលចុះចាញ់វាសនា ព្រោះតែចង់ក្លាយជាតារារះចិញ្ចាចសមតាមការប៉ង។ លោក ក៏ជាអតីតអ្នកនេសាទនៅសមុទ្រកំពត និងកែប ដោយតស៊ូអត់ធន់ធ្វើជាអ្នកចុះទូកនេសាទច្រើនឆ្នាំ មុនក្លាយជាតារាចម្រៀងសព្វថ្ងៃ។

លោក សំអុល ដែលមានសំឡេងកាច់ស្រដៀងលោក ព្រាប សុវត្ថិ ថ្លែងថា ការដែលលោកធ្វើជាតារាចម្រៀងប្រចាំផលិតកម្មរបស់បងស្រី ចន ច័ន្ទលក្ខិណា គឺជាការពិតដែលលោកបានចុះហាត់ការងារច្រើនសប្តាហ៍មកហើយ។ នេះជាសំណាងលោកហើយ ក៏មិនដែលគិតថា មានឱកាសបានរៀមច្បងសិល្បៈមើលឃើញបែបនេះឡើយ លោកពិតជាចងចាំជានិច្ចពីគុណដ៏ពិសេសនេះ។

លោកថាខាងផលិតកម្មរបស់លោកច្រៀងសុទ្ធតែអ្នកជំនាញនៅទីនោះ ជួយសហការលើកស្ទួយ ដែលមានលោក សួន ពិសិដ្ឋ អ្នកនិពន្ឋទាំងចម្រៀង និងបទភ្លេង គាត់ខិតខំរើស និងតែងបទថ្មីល្អៗឲ្យប្រិយមិត្តស្តាប់ ព្រោះគាត់ជំនាញ ហើយល្បីឈ្មោះយូរមកហើយ ក្រៅពីនេះមានបងស្រី ចន ច័ន្ទ លោក ហេង ឡុង ជាដើម សុទ្ធ​តែរកគន្លឹះឲ្យផលិតកម្មបោះជំហ៊ានទៅមុខ។ មិនត្រឹមតែលោកនោះទេ ជ្រើសរើសក៏មានតារាមួយចំនួនទៀតចូលរួម នេះជាការលើកស្ទួយគិតគូរបស់រៀមច្បងមកលើតារាថ្មីៗពិតជាគម្រូល្អគួរឲ្យគោរព៕