វ័ណ្ឌកហើយ! FUSO ថើបគូទ Lexus 570 កំពុងឈប់ស្តុប ខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង

11-08-2019 9:39am

ភ្នំពេញៈ យុវជនម្នាក់ បើករថយន្តកុងតឺន័រមិនប្រយ័ត្ន បានជ្រុលទៅបុករថយន្ត Lexus 570 កំពុងឈប់ស្តុបចំពីក្រោយ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយស្ទើរទាំងស្រុង កាលពីម៉ោង១១៖៣០នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ត្រង់ចំណុចស្ពានអាកាសផ្សារដីហុយ ស្ថិតតាមផ្លូវហាណូយ កែងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បើករថយន្តកុងតឺន័រម៉ាក FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-7518 បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្ត Lexus 570 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AK-9938 បើកដោយបុរសម្នាក់ កំពុងឈប់រងចាំស្តុប ចំពីក្រោយពេញទំហឹង បណ្ដាលខូចខាតយ៉ាងដំណំនាផ្នែកខាងក្រោយ រីឯរថយន្តកុងតឺន័រខូចខាតផ្នែកខាងមុខផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្ដោះអាសន្ន  នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕