ដាក់ត្រឹមមួយបទ ធ្វើឲ្យតារាចម្រៀង ខេង សម្ជស្ស អង្រួនបុរសម្នាក់ ត្រៀមកាដូរថយន្ត

10-08-2019 9:42am

ភ្នំពេញៈ នេះជាការឲ្យតម្រុយរបស់តារាចម្រៀងជើងថ្មី កំពុងពុះពារសិល្បៈ ខេង សម្ជស្សដោយនាងលើកឡើងថា មិនដែលមាននោះទេ នៅពេលភ្ញៀវពេញចិត្តសំឡេង នាងឲ្យច្រៀងស្រាប់តែសន្យាជូនកាដូឡានមួយគ្រឿង រួចក្រោយមកហៅនាងទៅកក់ឡានភ្លាម។ ដំណឹងនេះធ្វើឲ្យ ខេង សម្ជស្ស ហាក់ស្ទើរតែមិនជឿ ហើយពិតជាអរគុណទឹកចិត្តអាណិតស្រឡាញ់នាង។

កញ្ញា ខេង សម្ជស្ស បាននិយាយរាប់ទាំងអរថា ថ្មីៗនេះនាងច្រៀងនៅហាងពេលរាត្រីមួយហើយត្រូវបានលោក វិបុល ដែលជាមនុស្សចិត្តធម៌សំណូមពរបទ «ឲ្យអូនសុំស្រឡាញ់ផង»ត្រូវចិត្តគាត់ណាស់។ លុះមានបងស្រី យិន ស្រីពៅ ជាតារាចម្រៀង ដែល​បានរៀបរាប់ពីការតស៊ូរបស់នាងជូនលោក វិបុល ស្តាប់គាត់អាណិត ហើយថា នឹងជូនកាដូរថយន្តដល់នាង ពេលនោះ នាងស្រឡាំងកាំងតែម្តង នៅពេលឮបែបនេះ។

រហូតមកទល់ពេលនេះ នាងបានឃើញរថយន្តថ្មីនោះហើយ ម៉ាកព្រូសតម្លៃជាង១ម៉ឺនដុល្លារដែលបានកក់ និងកំពុងរៀបចំឲ្យស្អាត មុនសម្រចយកប្រើឆាប់ៗខាងមុខ។

សម្ជស្ស អះអាងថា នេះមិនមានន័យស្នេហាអ្វីនោះទេ ការជូនរថយន្ត រឿងសំខាន់លោក វិបុលគាត់ចូ​លចិត្តធ្វើបុណ្យ ឲ្យតែដឹងអត់មិនថា នាងនោះទេ កន្លងមកមានតារាជួបផលលំបាកមួយចំនួន ក៏គាត់បានបើកចិត្តជួយរហូតមិនប្រកាន់ឡើយ ទើបក្នុងសិល្បៈកាន់តែមានអ្នកស្គាល់គាត់។

ដោយមានជីវិតតស៊ូ ខេង សម្ជស្ស ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ជ្រើសរើសជាតារាចម្រៀងប្រចាំផលិតកម្មនាង។ សម្ជស្ស រស់នៅខេត្ត ហើយតស៊ូមកធ្វើជាអ្នកចម្រៀងនៅភ្នំពេញ រស់នៅផ្ទះជួលជាមួយម្តាយប្អូន ដោយម្តាយនាងសុខភាពមិនសូវជាស្រួលបួលឡើយ ទើបនាងខំច្រៀងសន្សំប្រាក់សម្រាប់ទុកចាត់ចែងអ្វីមួយ៕