អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះសម្រាប់ Pacquiao នៅការប្រកួតជាមួយ Thurman

19-07-2019 3:24pm

ប្រដាល់ៈ កីឡាករ Manny Pacquiao ចង់ជំនះពេលវេលាដើរទៅមុខ នៅថ្ងៃអាទិត្យនេះ រយៈពេល២៤ឆ្នាំ ក្រោយឡើងសង្វៀងប្រដាល់អាជីពរបស់គាត់ ពេលដែលគាត់ជួបជាមួយកីឡាករគ្មានប្រវត្តិចាញ់អាមេរិក Keith Thurman នៅការប្រកួតដណ្តើមខ្សែក្រវាត់ WBA របស់ពួកគេ។

កីឡាករ Pacquiao វ័យ៤០ឆ្នាំ ដែលជាវីរបុរសប្រដាល់ហ្វីលីពីន នឹងត្រូវជួបជាមួយកីឡាករ Thurman នៅលើសង្វៀន MGM Grand ស្ថិតក្នុងទីក្រុង Las Vegas គឺជាការប្រកួតមួយ ដែលត្រូវបានគេចាត់ទុកថា ជាការប្រកួតដ៏លំបាកបំផុតរបស់គាត់ ចាប់តាំងពីចាញ់កីឡាករ Floyd Mayweather នៅការប្រកួតប្រចាំសតវត្សរ៍ "Fight of the Century"កាលពីឆ្នាំ២០១៥។

អ្នកប្រដាល់ Pacquiao ដែលសម្រេចបានជោគជ័យផងដែរ នៅក្នុងអាជីពនយោបាយនៅក្នុងប្រទេសកំណើតហ្វីលពីន ខណៈពេលដែលលោកនៅបន្តអាជីពប្រដាល់នោះ បានបង្ហាញនូវសមត្ថភាពដ៏ស្រួចស្រាវរបស់គាត់ ពេលឈ្នះកីឡាករ Adrien Broner ដោយពិន្ទុ កាលពីខែមករា។

ប៉ុន្តែជើងឯកពិភពលោក៨ស្ថាប័នម្នាក់នេះ កំពុងតែប្រឈមនឹងគូប្រជែងជើងខ្លាំង Thurman ដែលត្រូវបានគេចាត់ទុកថា ជាកីឡាករកណ្តាប់ដៃដែក ជាមួយនឹងប្រវត្តិផ្តួលគូប្រកួតឲ្យសន្លប់២០លើកពី៣០ប្រកួតមិនដែលចាញ់របស់គាត់៕