បទ «ប្រហុកផ្អក» របស់តារាចម្រៀង ខេមរៈ សិរីមន្ដ ផ្ទុះរឿងចម្រូងចម្រាស

19-07-2019 12:28pm

ភ្នំពេញៈ នៅពេលថ្មីៗនេះ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនមានចំណងជើងថា « ប្រហុកផ្អក » ដែលជាបទចម្រៀងថ្មីរបស់លោក ខេមរៈ សិរីមន្ដ ក៏ប៉ុន្ដែបទនេះ ត្រូវបានអ្នកនិពន្ធភ្លេងថ្មី លោក ជេន រូហ្វើ បានអះអាងថា ហង្សមាសបានលួចស្នាដៃបទចម្រៀងនិពន្ធថ្មីរបស់ខ្លួនទាំងស្រុង និងចេញនៅលើបណ្ដាញសង្គមផងដែរ។

លោក ជេន រូហ្វើ ដែលត្រូវបានគេស្គាល់ថា ជាតារាចម្រៀង និងជាអ្នកនិពន្ធបទភ្លេងថ្មី បានប្រាប់អ្នកសារព័ត៌មានថា បទ« ប្រហុកផ្អក» ដំបូងឡើយ លោកបានជួប និងត្រូវបានលោក ជួន សុជា ទំនាក់ទំនងឱ្យនិពន្ធបទភ្លេងមួយនេះ នៅអំឡុងចុងឆ្នាំ២០១៨ ដោយមានការចរចាថា នឹងធ្វើបទចម្រៀងជាមួយគ្នា។ លោកបានព្រមព្រៀងជាមួយលោក ជួន សុជា ដែលជាអ្នកទំនាក់ទំនងទិញបទ ក្នុងការងារមួយមានលក្ខខណ្ឌពេញលេញ ពោលគឺតម្រូវឱ្យធ្វើបទនិពន្ធថ្មីទាំងស្រុង និងថតសំឡេងតារាចម្រៀងនៅក្នុងស្ទូឌីយោរបស់លោក ព្រមទាំងបញ្ជាក់ឈ្មោះអ្នកនិពន្ធបទភ្លេងផងដែរ។

ការចរចាមិនទាន់បានត្រូវរ៉ូវ និងស្រេចបាច់ផង ស្រាប់តែបទចម្រៀងមួយនេះ ត្រូវបានផលិតកម្មហង្សមាសបញ្ចេញនៅទីផ្សារទៅហើយ។ លោក ជេន រូហ្វើ បានអះអាងថា បទនេះជាបទដែលលោកបានបង្កើតឡើង ហើយបានដាក់ក្នុងការចរចាជាមួយលោក ជួន សុជា តែបែរជាអ្នកទិញបទចម្រៀងមួយនេះ មិនទាន់មានការព្រមព្រៀងច្បាស់ការ និងមិនបានទាក់ទងមកវិញអស់រយៈពេលយូរហើយ ក៏ស្រាប់តែឃើញបទចម្រៀងនេះចេញដោយផលិតកម្មរស្មីហង្សមាស ទាំងមិនបានសុំការអនុញ្ញាតពីម្ចាស់ស្នាដៃពិតប្រាកដ។ លោក ជេន បានធ្វើការបញ្ជាក់ថា នេះជាការលួចស្នាដៃទាំងស្រុងរបស់លោក ហើយខាងផលិតកម្មរស្មីហង្សមាស បានដាក់ឈ្មោះនិពន្ធបទភ្លេងជាមនុស្សផ្សេងទៀត ដែលនេះត្រូវបានម្ចាស់ស្នាដៃចាត់ទុកថា មិនឱ្យតម្លៃអ្នកនិពន្ធទាំងនៅមានជីវិតតែម្ដង។

លោក ជេន រូហ្វើ ជាអ្នកនិពន្ធបទភ្លេងថ្មី បានប្រកាសថា បទចម្រៀងមួយនេះ គឺត្រូវបានលួច និងគ្មានបានចំណាយប្រាក់អ្វីសូម្បីតែបន្ដិចឱ្យលោកនោះទេ។ លោកប្រកាសថា សូមឱ្យខាងផលិតកម្មរស្មីហង្សមាស លុបបទចម្រៀងនេះជាបន្ទាន់ ព្រោះថា បទនេះមិនត្រូវបានអនុញ្ញាតឱ្យខាងហង្សមាសនោះទេ។

បើតាមស្ដីលោក ជេន រូហ្វើ បានបញ្ជាក់ថា បទនេះត្រូវបានលោក ជួន សុជា ប្រាប់លោកថា រៀបចំនិងបានលក់សិទ្ធិទៅឱ្យខាងផលិតកម្មថោនរួចរាល់ជាស្រេចអស់ទៅហើយ។ លោកចាត់ទុកថា ផលិតកម្មរស្មីហង្សមាស គ្មានការចរចាច្បាស់លាស់ និងមិនបានឱ្យតម្លៃអ្នកនិពន្ធបទភ្លេងមួយនេះ ដោយលួចស្នាដៃរបស់លោកទៅធ្វើជាបទខ្លួនឯងទាំងស្រុង៕