កូរ៉េខាងជើង ៖ សមយុទ្ធយោធារវាងអាមេរិក និងកូរ៉េខាងត្បូង​ គឺជាការសមធ្វើសង្រ្គាម

18-07-2019 3:00pm

ក្រុងសេអ៊ូលៈ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែបន្តការធ្វើសមយុទ្ធយោធារបស់ពួកគេនៅក្នុងរដូវក្តៅនេះ ដែលមានឈ្មោះថា Dong Maeng ដែលអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង ចាត់ទុកថាជា “ការសមធ្វើសង្រ្គាម”។

ខណៈនោះដែរ កូរ៉េខាងជើង បានលើកឡើងថា កិច្ចប្រជុំដើម្បីឲ្យកូរ៉េខាងជើង បោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ពួកគេ កំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ ដោយសារតែសហរដ្ឋអាមេរិក ប្រុងក្បត់ពាក្យសម្តីរបស់ពួកគេ ដែលបានសន្យាថា មិនធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូងនោះ។

គួរឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើឲ្យរស់ឡើងវិញនូវកិច្ចខិតខំដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ពួកគេ កាលពីខែមុន ពេលដែលលោកបានរៀបចំជំនួបមួយភ្លែតជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅតំបន់ព្រំដែនរវាងប្រទេសបងប្អូនកូរ៉េទាំង២។

លោកត្រាំ បាននិយាយថា ពួកគេបានព្រមព្រៀងចាប់ផ្តើមឡើងវិញនូវកិច្ចពិភាក្សាកម្រិតការងារ ដែលបានជាប់គាំង ចាប់តាំងពីជំនួបកំពូលលើកទី២របស់ពួកគេកាលពីខែកុម្ភៈ បានបរាជ័យ។ កិច្ចចរចា ត្រូវបានគេរំពឹងថា នឹងកើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៀតនេះ។

ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង បានធ្វើឲ្យកិច្ចប្រជុំនេះ ស្ថិតនៅក្នុងស្ថានភាពស្រពិចស្រពិល ដោយលោកបានអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងតែបន្តការធ្វើសមយុទ្ធរបស់ពួកគេ ហើយទង្វើបែបនេះវាស្មើនឹង “ការសមធ្វើសង្រ្គាម”ផងដែរ។

ទីភ្នាក់ងាររដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ពីសម្តីអ្នកនាំពាក្យម្នាក់នោះថា យើងនឹងធ្វើការសម្រេចចិត្តរឿងពាក់ព័ន្ធនឹងកិច្ចប្រជុំកម្រិតការងារជាមួយសហរដ្ឋអាមេរិក ខណៈពេលដែលឃ្លាំងមើលសកម្មភាពដើរទៅមុខរបស់សហរដ្ឋអាមេរិកផងដែរ៕