រឿង “ព្រឺ ឬ Fear” បែបស៊ើបអង្កេតរបស់ផលិតកម្មខ្មែរមេគង្គ ចាក់​បញ្ចាំងហើយ

17-07-2019 8:59am

ភ្នំពេញៈ ស្នាដៃថ្មីមួយទៀតរបស់ផលិតកម្មខ្មែរមេគង្គ បានកសាងរួចរាល់ហើយ ក៏រៀបចំពិធីសម្ពោធជាផ្លូវការ ដោយនឹងត្រូវចាក់បញ្ចាំងនាថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៩ គ្រប់រោងភាពយន្តទាំងអស់។ នេះជារឿងដែលផ្ចិតផ្ចង់ដោយសាររឿង «ព្រឺ ឬFear»នេះ ម្នាក់ៗព្យាយាមខិតខំធ្វើយ៉ាងយកចិត្តទុកដាក់គ្រប់ផ្នែក។

ក្នុងពិធីរឿងត្រៀមដាក់បញ្ចាំងក្នុងរោង បែរជាជ្រើសយកសិល្ប:ល្ខោនបាសាក់ យកមកសម្ដែងយ៉ាងកក្រើកមុនកាត់ខ្សែបូ។ អ្នកចូលរួមមិនតិចនោះទេ សុទ្ធតែសរសើរពីជំហរផលិតករ ដែលនឹកឃើញ គាស់រំលើងល្ខោនបាសាក់យកមកបង្ហាញ។

ពិធីសម្ពោធរឿង ”ព្រឺ ឬ Fear” របស់ផលិតកម្មខ្មែរមេគង្គ កាលពីល្ងាចពីថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៩ នៅផ្សារទំនើបអ៊ីអន១នោះ តួសម្ដែងល្ខោនបាសាក់២រូប គឺតួអង្គយក្ស និងតួអង្គនាគ បានសម្ដែងលោតកញ្ឆេងលើឆាក និងច្រៀងរំពងជាទម្រង់ល្ខោនបាសាក់យ៉ាងព្រឺត្រចៀក ធ្វើឲ្យអ្នកទស្សនាចាប់អារម្មណ៍។

លោក ម៉ាធ្យូ រ៉ូប៊ីនសុន ផលិតកររឿង​ “ព្រឺ ឬ Fear” បានថ្លែងបញ្ជាក់ថា ដោយសារតែភាពយន្តនេះ ជារឿងខ្លាំងមួយទាំងគុណភាព និងសាច់រឿង ហើយជារឿងប្រភេទស៊ើបអង្កេត និងរន្ធត់ដែលលោករំពឹងថា ផ្ទុះខ្លាំងក្នុងពេលដាក់បញ្ចាំង ទើបលោកនឹកឃើញទម្រង់ល្ខោនបាសាក់ យកមកបង្ហាញ ដើម្បីឲ្យប្លែកសមនឹងសាច់រឿង ដែលលោកយល់ថា ប្លែកសម្រាប់ភាពយន្តនេះ។

រឿង”ព្រឺ” នឹងមាន​គម្រោងនាំចេញក្រៅប្រទេសផងដែរ ដោយសារតែមានស្ដង់ដារពេញលេញ។ ភាពយន្តនេះ និយាយពីឃាតកម្មលើនារីក្រមុំវ័យក្មេង ដោយសាច់រឿងទាំងមូល បានលាក់តួអង្គឃាតកររហូតទាល់តែបញ្ចប់សាច់រឿង ទើបលាតត្រដាង។ យ៉ាងណាមិញ ក្នុងភាពយន្តនេះ ប្រកាសសំណូមពរ មិនឲ្យអ្នកទស្សនាហើយ ប្រាប់អ្នកមិនទាន់ទស្សនាថា អ្នកណាជាឃាតករនោះទេ ដើម្បីឲ្យកាន់តែកញ្ជ្រោលក្នុងការតាមដាន៕