ឆមាសទី១ ឆ្នាំ២០១៩ ប្រមូលចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែ បានប្រមាណ៤៥ពាន់លានរៀល ស្មើនឹង ៥៥,១៦%

16-07-2019 1:01pm

ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ការប្រមូលចំណូល មិនមែនសារពើពន្ធពី វិស័យរ៉ែ ថាមពល និងប្រេងកាត ក្នុងឆមាសទី១ ឆ្នាំ២០១៩បានចំនួន៤៥,៥៣ ពាន់លានរៀល ស្មើនឹង ៥៥,១៦% ខណៈពេញ១ឆ្នាំ កាលពីឆ្នាំ២០១៨ ការប្រមូលចំណូល មិនមែនសារពើពន្ធពី បានចំនួន៨៣,៥៧ ពាន់លានរៀល ស្មើនឹង១៣៣,១៩ % ។

ថ្លែងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការ អនុវត្តការងារឆមាសទី១ តម្រង់ទិសដៅការងារឆមាសទី២ ឆ្នាំ២០១៩ និងកម្មវិធីការងារឆ្នាំ២០២០ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០១៩ ប្រមូលចំណូលមិនមែនសារពើពន្ធពី វិស័យរ៉ែ ថាមពល និងប្រេងកាត បានចំនួន ៤៥,៥៣ ពាន់លានរៀល ស្មើនឹង ៥៥,១៦% នៃច្បាប់ហិរញ្ញវត្ថុ

ជាងនេះទៅទៀត របាយការណ៍ បន្ថែមថា ការផ្គត់ផ្គង់អគ្គិសនី ត្រូវបានបង្កើនចំនួន ៣១៥ មេហ្គាវ៉ាត់ ដែលធ្វើឲ្យសមត្ថភាពផ្គត់ផ្គង់ សរុបឡើងដល់ ២៨៦៤ មេហ្គាវ៉ាត់ បើគិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ ដើម្បីឆ្លើយតបនឹងកំណើនសេចក្តីត្រូវការ៕