មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុ​ញ​ឲ្យ​លោកគ្រូ អ្នកគ្រូបង្ហាត់បង្ហាញឲ្យ​កូនសិស្សចេះអនុវត្តច្រើនលើការងារ នៅជុំវិញមជ្ឈដ្ឋានរបស់ខ្លួន

16-07-2019 9:10am

តាកែវៈ លោក អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ដោយជំរុ​ញអោយលោកគ្រូអ្នកគ្រូបង្ហាត់បង្ហាញអោយកូនសិស្សចេះអនុវត្តច្រើនលើការងារនៅជុំវិញមជ្ឈដ្ឋានរបស់ខ្លួន ពីព្រោះភាពជោគជ័យរបស់មនុស្ស គឺពឹងផ្អែកលើការសិក្សា និងការអនុវត្តន៍ផ្ទាល់ ដែលមិនអាចខ្វះមួយណាបានឡើយ ដូច្នេះសិស្សានុសិស្សទាំងអស់ទទ្ទឹមនឹងខ្លួនមានចំណេះវិជ្ជា ក៏ត្រូវតែមានការអនុវត្តន៍ជាក់ស្តែងលើការងារជាច្រើនផងដែរ ទើបអាចឈានទៅរកភាពជោគជ័យបាន។

ថ្លែងបែបនេះ ក្នុងពេលដែលលោក​រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយលោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ និងលោកស្រី ឃើរី អាក់ហ្គី នាយិកាអង្គការស៊ីអារអែស ប្រចាំអនុតំបន់មេគង្គ ចូលរួមក្នុងចែកសម្លៀកបំពាក់ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាអង្គរុន ស្ថិតនៅឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក​ អ៊ឹម កុច បានសម្តែងនូវការកោតសរសើរ ចំពោះអង្គការស៊ីអារអែស CRS ដែលបានយកចិត្តទុកដាក់ និងចូលរួមជាមួយវិស័យអប់រំ សំដៅលើកកម្ពស់ការអប់រំ ជំរុញការចូលរៀនប្រកបដោយ សមធម៌ និងបរិយាបន្ន។ ចំពោះគម្រោងចែកសម្លៀកបំពាក់ និងស្បែកជើងដល់សិស្សានុសិស្សនៅក្នុងថ្ងៃនេះ ពិតជាការរួមចំណែកជំរុញដល់ការចូលរៀន ឱ្យបានទៀងទាត់ កាត់បន្ថយអត្រា បោះបង់ចោលការសិក្សា។

លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានលើកឡើងថា ក្នុងកាចែកសម្លៀកបំពាក់ដល់សិស្សក្នុងថ្ងៃនេះជាគម្រោងដំណាក់កាលទី៤ ដែលចាប់ផ្តើមនៅ ឆ្នាំ២០១៩នេះ  ដោយបានពង្រីកទៅលើការអនុវត្ត អប់រំកុមារតូចចំនួន៧សាលា នៅស្រុកសំរោង និងចំនួន៥សាលានៅក្នុងស្រុកត្រាំកក់ ដែលអង្គការ ស៊ីអារអែស បានផ្តល់នូវសម្លៀកបំពាក់  សម្ភារៈ  និងឧបករណ៍ជំនួយដល់កុមារពិការ លទ្ធផលនេះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ របស់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងការចូលរួមអនុវត្តគម្រោងរបស់អង្គការស៊ីអារអែស ដើម្បីរួមចំណែកលើកកម្ពស់វិស័យអប់រំក្នុងខេត្តរបស់យើងឱ្យកាន់តែមានការរីកចម្រើន។

បើតាមរបាយការណ៏របស់អង្គការ CRS ដែលអានដោយលោកស្រី ឃើរី អាក់ហ្គី នាយិកាអង្គការស៊ីអារអែស ប្រចាំអនុតំបន់មេគង្គ បានអោយដឹងថា គម្រោងផ្តល់សម្លៀកបំពាក់ និង ស្បែកជើងឱ្យសិស្សនេះ គឺបានចាប់ផ្តើមតាំង ២០១២ មកម្លេះ ហើយនិងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០១៩នេះ ដោយបានផ្តល់ឱ្យសាលាគោលដៅចំនួន ៥២ នៅក្នុងស្រុកគោលដៅចំនួន ១០ ក្នុងខេត្តតាកែវ និងខេត្តកំពត។ ចំពោះគម្រោងនេះដែរគឺអង្គការមានគោលបំណង រួមចំណែកជំរុញដល់ការចូលរៀនរបស់សិស្ស ឱ្យបានទៀងទាត់ កាត់បន្ថយអត្រា បោះបង់ការសិក្សាចោល ។ សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១២-២០១៩ អង្គការស៊ីអារអែស បានផ្តល់សម្លៀកបំពាក់សិស្ស សរុបចំនួន ២៦៥៣១ នាក់ ស្រី ១២៣៤៧ នាក់ ជាក់ស្តែង សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ នេះ អង្គការស៊ីអារអែស ក៏បានផ្តល់សម្លៀកបំពាក់ដល់សិស្ស សរុបចំនួន ៤៩០២នាក់ ស្រីចំនួន ២៣៩២ នាក់៕