កូរ៉េខាងត្បូង ទាមទារភស្តុតាងពីជប៉ុន សម្រាប់ការចោទប្រកាន់ពីការបំពានលើការនាំចេញ

12-07-2019 2:28pm

ក្រុងសេអ៊ូលៈ កូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេមានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយមន្រ្តីជាន់ខ្ពស់មួយចំនួនរបស់ជប៉ុនថា កូរ៉េខាងត្បូង មិនបានពង្រឹងការគ្រប់គ្រងការនាំចេញរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ហើយជប៉ុន ត្រូវតែបង្ហាញភស្តុតាងឲ្យបានច្បាស់លាស់ សម្រាប់អំណះអំណាងរបស់ពួកគេ។

លោកគីម យូហ្គុន គឺជាអនុប្រធានទី១នៃការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយប្រាប់សន្និសីទកាសែតថា កូរ៉េខាងត្បូង បានពង្រឹងយ៉ាងពេញលេញនូវទណ្ឌកម្មអង្គការសហប្រជាជាតិមកលើកូរ៉េខាងជើង និងរបបគ្រប់គ្រងការនាំចេញអន្តរជាតិលើសម្ភារដ៏រសើប និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់ក្នុងបុព្វហេតុសន្តិភាព និងបុព្វហេតុសង្រ្គាម។

សូមបញ្ជាក់ថា កូរ៉េខាងត្បូង បានធ្វើការច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់នៅក្នុងសារព័ត៌មានជប៉ុនថា ពួកគេបានដឹកជញ្ជូនសម្ភារដែលអាចប្រើប្រាស់ក្នុងកម្មវិធីអាវុធទៅឲ្យកូរ៉េខាងជើង  ខណៈពេលដែលជម្លោះការទូតឡើងកម្តៅខ្លាំងលើកម្លាំងពលកម្មនាសម័យសង្រ្គាម ដែលគំរាមធ្វើឲ្យអាក់ខានដល់ការផ្គត់ផ្គង់សកលនូវបន្ទះ Memory Chip៕