លោក ស្រេង ឈាងឡេង មិនចោលមុខជំនួញ​ ខណៈជីវិតសិល្បៈចាប់ផ្តើមត្រដែត

12-07-2019 2:14pm

 

  ភ្នំពេញ ៖ ការបង្ហាញខ្លួន ក្នុងពិធីប្រកួតឈុតបុរាណទ្រង់ទ្រាយធំ នៅប្រាសាទសំបូរព្រៃគុក អ្នកជំនួញដីធ្លី លោក ស្រេង ឈាងឡេង ដែលត្រូវគេស្គាល់ថា ជាម្ចាស់ហ៊ុនធំមួយក្នុងគម្រោងដីឡូតិ៍ក្រុមហ៊ុនសែនណារ៉ាឈាងឡេង តាមបណ្ដោយផ្លូវជាតិលេខម្ដុំផ្សារព្រៃទទឹង បានគ្រងឈុតបុរាណ ។ យ៉ាងណាមិញ លោក បដិសេធថា មិនមានគម្រោងបោះចោលមុខជំនួញ ហើយស្រវាសិល្បៈនោះឡើយ។

 

លោក ស្រេង ឈាងឡេង និយាយថា ខ្លួនមិនមានគម្រោងដើរចេញពីមុខជំនួញដីធ្លី ហើយឈោងចាប់សិល្បៈ សូម្បីតែបន្តិច ដោយលោកប្រាប់ថា ខ្លួនគ្រាន់តែចង់ប្រឡូកសិល្បៈបំពេញតាមក្ដីស្រម៉ៃ នៅពេលគ្រួសារតារាកម្ពុជា ដែលជាអ្នករៀបចំកម្មវិធី បានផ្ដល់ឱកាសអោយប៉ុណ្ណោះ។ ការងារសិល្បៈជាអ្វីដែលលោកស្រលាញ់តាំងពីតូច ប៉ុន្តែលោកក៏មិនមានពេលវេលាគ្រប់គ្រាន់ ដើម្បីទទួលសម្ដែង ឬ ប្រឡងឆាកទូរទស្សន៍ ក្រៅពីបង្ហាញខ្លួនខ្លះៗ នៅក្នុងសកម្មភាពសប្បុរសធម៌ របស់គ្រួសារតារាកម្ពុជា នោះឡើយ។

លោក ស្រេង ឈាងឡេង បានបញ្ជាក់ថា ខ្លួនគ្រោងចេញបទចម្រៀងបង្អួតមហាជន ក្នុងពេលឆាប់ៗ ប៉ុន្តែមិនមែនដើម្បីចង់ល្បី ហើយចូលប្រឡូកសិល្បៈអោយស៊ប់ដោយដកខ្លួនពីជំនួញដីធ្លីនោះឡើយ។ លោកថា សិល្បៈនឹងបង្ហាញខ្លួនតែពេលទំនេរពីជំនួញប៉ុណ្ណោះ ប៉ុន្តែការងារជំនួញ គឺហ្នឹងកាន់តែចាប់អោយណែន៕