មនុស្ស៣៥នាក់ រងរបួស នៅ​ពេលយន្តហោះក្រុមហ៊ុនអាកាសចរណ៍កាណដា ជួបខ្យល់កន្ត្រាក់

12-07-2019 2:01pm

កាណាដាៈ មនុស្សយ៉ាងហោច៣៥នាក់ បានរងរបួសស្រាល ក្រោយពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada ជួបខ្យល់កន្រ្តាក់យ៉ាងច្រើនរួចមកនោះ។

យន្តហោះដែលផ្ទុកមនុស្ស២៨៤នាក់នេះ បាននឹងកំពុងធ្វើដំណើរចេញពីទីក្រុង វ៉ាន់គូវើ ប្រទេសកាណាដា ទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី កាលពីថ្ងៃព្រហស្បត្តិ៍ ប៉ុន្តែវាត្រូវបានបង្វែរគោលដៅ ទៅកាន់កោះហាវ៉ៃវិញ។

បុគ្គលិកពេទ្យ បានពិនិត្យមើលស្ថានភាពរបួសអ្នកដំណើរ ក្រោយពេលវាចុះចតនៅអាកាសយានដ្ឋានក្រុងហូណូលូលូ កាលពីវេលាម៉ោង៦ និង៤៦នាទី ល្ងាច ម៉ោងក្នុងស្រុក។

ក្រុមហ៊ុនអាកាសចរណ៍ បានអះអាងថា យន្តហោះធន់ Boeing 777-200 បានជួបជាមួយខ្យល់កន្ត្រាក់ភ្លាមៗ រយៈពេល២ម៉ោងក្រោយឆ្លងកាត់កោះហាវ៉ៃ។

ពួកគេបានបន្តទៀតថា ពួកគេបានរៀបចំបន្ទប់សណ្ឋាគារសម្រាប់អ្នកដំណើរស្នាក់នៅក្នុងទីក្រុងហូណូលូលូ រហូតដល់ជើងហោះហើរថ្មីទៅកាន់ប្រទេសអូស្រ្តាលី អាចរៀបចំរួច៕