ប្រធានព្រឹទ្ធសភា ជំរុញឲ្យភាគីពាក់ព័ន្ធចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក នៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា

12-07-2019 12:59pm

ភ្នំពេញៈ ប្រធានព្រឹទ្ធសភា ជំរុញឲ្យភាគីពាក់ព័ន្ធចូលរួមពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកនៃក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ដើម្បីឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

ថ្លែងក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី« ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ » នាព្រឹកថ្ងៃទី១២ ខែកក្កដា នៅព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានេះ គឺពិតជាមានសារៈសំខាន់ និងមានតម្លៃសម្រាប់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសម្រាប់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ក្នុងការទទួលបានដោយជាក់ស្តែងនូវព័ត៌មាន និងចំណេះដឹងថ្មីៗទាក់ទងនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបន្ដថា គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីកសាងសមត្ថភាព និងក្លាយជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់សម្រាប់យកទៅសិក្សា វិភាគ និងវាយតម្លៃ ដើម្បីធ្វើការសម្រេចចិត្តនៅពេលព្រឹទ្ធសភា និងរដ្ឋសភា ត្រូវពិនិត្យ ពិភាក្សា អនុម័តច្បាប់ថវិកា និងច្បាប់នានាពាក់ព័ន្ធនឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឱ្យឆ្លើយតបនឹងផលប្រយោជន៍ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងសង្គមជាតិ។

សម្តេចវិបុលសេនាភក្តី បានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នឹងចូលរួមយ៉ាងសកម្ម ក្នុងការជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ព្រមទាំងរកឃើញនូវចំណុចសំខាន់ៗ និងគំនិតល្អៗ ដែលនឹងអាចយកទៅ ប្រើប្រាស់ជាមូលដ្ឋាន ឈានទៅរកការបង្កើតឱ្យមានយន្តការវាយតម្លៃលើការអនុវត្ត ក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នាពេលខាងមុខនេះ ឱ្យមានលក្ខណៈល្អប្រសើរ គ្រប់ជ្រុងជ្រោយ ឆ្លើយតបបាននឹងតម្រូវការរបស់ប្រជាពលរដ្ឋយើង។

ក្នុងន័យនេះ ការពិភ្សានាពេលនេះ គឺជាកាលានុវត្តភាពដ៏មានតម្លៃសម្រាប់ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការបង្ហាញដល់ប្រជាពលរដ្ឋអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ ដោយផ្អែកលើអាទិភាពរបស់កម្ពុជាជាក់ស្តែង។

លោក យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត គណៈកម្មការទី១នៃព្រឹទ្ធសភា មានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា នឹងចូលរួមចំណែកកាន់តែសំខាន់សម្រាប់ ផ្តល់ការណែនាំដល់អ្នករៀបចំគោលនយោបាយ និងជាមធ្យោបាយមួយដ៏ទូលំទូលាយសម្រាប់វាស់វែងលទ្ធផលនៃការអនុវត្ត។ជាពិសេស ត្រូវបានចាត់ទុកជាផែនការប្រតិបតិ្ត ដើម្បីសម្រេចបាននូវសិទិ្ធមនុស្សទាំងអស់ រួមទាំងសិទិ្ធនៃការអភិវឌ្ឍ ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕