សភាពាណិជ្ជកម្មអឺរ៉ុប​ ប្រចាំកម្ពុជា ថា EU នឹងបន្តកិច្ចសហការជាមួយកម្ពុជា ដើម្បីជួយពង្រឹងសេដ្ឋកិច្ច

12-07-2019 12:44pm

ភ្នំពេញៈ លោក Guillaume Massin អនុប្រធានសភា ពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា (EUROCHAM) បានបញ្ជាក់ពីក្តីសង្ឃឹមថា សហភាពអឺរ៉ុប(EU)  នឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាបន្ថែមទៀត ខណៈឱសថវាទនៃការដក ឬព្យួរពន្ធពីកម្ពុជា កាន់តែខិតជិតចូលមកដល់។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ លោក Guillaume Massin បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយកម្ពុជា និងកោតសរសើរ ចំពោះសមិទ្ធផលដែលកម្ពុជា ទទួលបាននាពេលកន្លងមក។

លោកបន្តថា សភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជាសង្ឃឹមថា អឺរ៉ុបនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ដើម្បីចូលរួមចំណែកលើក កម្ពស់ភាពប្រកួតប្រជែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា

ជាមួយគ្នានេះ លោកថា សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានចងក្រងសៀវភៅ ស ឆ្នាំ២០១៩ ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាក្រសួងទី ១ របស់រាជរដ្ឋាភិបាល ដែលបានទទួលសៀវភៅនេះ ។ លោកថា សៀវភៅ ស ឆ្នាំ២០១៩ មិនត្រឹមតែរំលេចនូវអនុសាសន៍នានា សម្រាប់រាជរដ្ឋាភិបាល ប៉ុន្តែក៏បានរំលេចនូវសមិទ្ធិផល ដែលរាជរដ្ឋាភិបាល សម្រេចនាពេលកន្លងមក។

លោកមានប្រសាសន៍ថា គោលបំណងចម្បងរបស់សៀវភៅ ស ឆ្នាំ២0១៩ គឺគូសបញ្ជាក់ជូនវិនិយោគិនទាំងអស់ ទាំងវិនិយោគិនជាតិ និងអន្តរជាតិថា កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ ការយកចិត្តដាក់ទុកវិនិយោគ។

ចំណែកលោក អូន ព័ន្ធមុនីរ័ត្ន បានសាទរចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបតែបានបោះពុម្ភផ្សាយនូវសៀវភៅ ស ឆ្នាំ ២០១៩ ដោយជោគជ័យ ។ លោករដ្ឋមន្រ្តី អំណរគុណ សភាពាណិជ្ជកម្មអឺរ៉ុប ដែលតែងតែបានរួមចំណែក ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាស វិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយ អំពីឱកាសវិនិយោគនៅកម្ពុជាក៏ដូចជា ផ្តល់នូវមតិស្ថាបនា ចូលរួមចំណែកលើកកម្ពស់ភាព ប្រកួតប្រជែង និងទាក់ទាញអ្នកវិនិយោគមកកម្ពុជា៕