ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ស្នើឲ្យ​អាជ្ញាធរ និងប្រជានេសាទ កោះប្រជុំបន្ទាន់ ក្រោយបទល្មើសនេសាទនៅភូមិសាស្ត្រឃុំឆ្នុកទ្រូ​ កើតច្រើនក្នុងរដូវហាមឃាត់

12-07-2019 11:06am

កំពង់ឆ្នាំងៈ កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង៣០នាក់ មកពីបណ្ដាអង្គភាពផ្សេងៗ ដឹកនាំ ដោយលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បានចុះបង្ក្រាបបទល្មើសនេសាទដាក់របាំងសាច់អួន ក្នុងរដូវបិទនេសាទ នៅចំណុចកំពង់ព្រះ និងសេះស្លាប់ ស្ថិត ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ជុន ថារិទ្ធ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ដោយទទួលព័ត៌មានពីក្នុងបណ្ដាញសង្គម ក៏ដូចជាសារព័ត៌មានមួយចំនួន ដែលលើកឡើងថា មានបទល្មើសនេសាទនៅចំណុចឆ្នុកទ្រូច្រើន លោកក៏បានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផង នៅព្រឹកនេះ លោកបានសហការជាមួយកម្លាំងជំនាញ មានជលផល មន្ត្រីបរិស្ថាន មន្ត្រីនគរបាលស្រុក និងឃុំ រួមទាំងមន្ត្រីរដ្ឋបាលសាលាស្រុកបរិបូរណ៍​ បានចុះពិនិត្យបទល្មើសក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ហើយក៏បានឃើញមានបទល្មើសជាច្រើនដូចអ្វីដែលបានលើកឡើងពិតមែន។

បន្ទាប់មកសមត្ថកិច្ចចម្រុះ ក៏បានធ្វើការបង្ក្រាបបានខ្លះ និងខ្លះទៀត ម្ចាស់បានមកស្នើសុំរុះរើដោយខ្លួនឯង។

លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង អមសាលាដំពុងខេត្តកំពង់ឆ្នាំង ក្រោយពីដឹកនាំត្រួតពិនិត្យ និងបង្ក្រាបរួចមក លោកបានដឹកនាំកម្លាំងសមត្ថកិច្ចទាំងអស់ ទៅពិភាក្សាគ្នានៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ ដោយក្នុងពេលនោះ លោកព្រះរាជអាជ្ញារង បានបញ្ជាក់ថា បទល្មើសពិតជាកើតមានច្រើនណាស់ពិតមែន ហើយពេលយើងកំពុងបង្ក្រាប ម្ចាស់ឧបករណ៍ល្មើសច្បាប់ទាំងនោះ បានមកសុំអង្វរដោយស្ម័គ្រចិត្តរុះរើដោយខ្លួនឯង ជាមួយគ្នានេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋដទៃទៀត ត្រូវរុះរើដករបាំងចេញអោយអស់ ក្នុងពេលរដូវ ដែលកំពុងបិទនេសាទ។

ក្នុងកិច្ចពិភាក្សានេះដែរ លោកដាក់ផែនការនៅថ្ងៃស្អែក ទី១២ ខែកក្កដា អោយអាជ្ញាធរភូមិឃុំ កោះអញ្ជើញប្រជានេសាទទាំងអស់ទៅចូលរួមប្រជុំ ដើម្បីណែនាំដល់ពួកគាត់ ត្រូវបញ្ឈប់ជាបន្ទាន់ការនេសាទដោយខុសច្បាប់ ក្នុងរដូវហាមឃាត់នេសាទ។

ចំពោះអ្នកដែលកំពុងមានរបាំងសាច់អួនក្នុងទន្លេ ត្រូវរុះរើដោយខ្លួនឯងជាបន្ទាន់ ជៀសវាងសមត្ថកិច្ចចម្រុះរុះរើ ធ្វើឲ្យមានការខាតបង់ថវិកា ដែលពួកគាត់ខំទៅខ្ចីចងការប្រាក់ពីឥណទាននានាយកមកធ្វើបទល្មើសនេសាទ។

គួរបញ្ជាក់ថា ក្នុងកិច្ចបង្ក្រាបនៅព្រឹកនោះ សមាសភាពចូលរួមមានកម្លាំងនគរបាលចំនួន២៤នាក់ មន្ត្រីបរិស្ថាន៤នាក់ មន្ត្រីជលផល៧នាក់ និងមន្ត្រីសាលាស្រុកម្នាក់សរុប៣៦នាក់ ដោយបានប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៨គ្រឿង។

ជាលទ្ធផលបង្ក្រាបបាន របាំងសាច់អួន១៥កន្លែង លបលូសាច់អួន១៥មាត់ លបប្រើ១០០ចំនួន១៥ខ្សែ និងបង្គោល៥៥០ដើម៕